កូឡុំប៊ីដាក់ចេញគម្រោង១.៧ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍខែលការពារដ្រូន

បូហ្គោតា៖ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី នាថ្ងៃសុក្រ ទី១៦ ខែមករា បានប្រកាសថា ប្រទេសអាមេរិកឡាទីនមួយនេះ បានចាប់ផ្តើម​គម្រោងដែលមានទំហំទឹកប្រាក់សរុប ១.៦៨ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍខែលប្រឆាំងយន្តហោះដ្រូន ដើម្បីការពារប្រទេសពីការវាយប្រហារដោយដ្រូនរបស់​ក្រុមប្រដាប់អាវុធខុសច្បាប់។

កូឡុំប៊ីបានបន្តជាប់ជំពាក់ក្នុងជម្លោះប្រដាប់អាវុធក្នុងស្រុក អស់រយៈពេល៦ទសវត្សរ៍មកហើយ ដែលបានឆក់យកជីវិតមនុស្សច្រើនជាង ៤៥០០០០នាក់។ កងកម្លាំងយោធា ប៉ូលិស ពួកទ័ពព្រៃឆ្វេងនិយម ពួកឧក្រិដ្ឋជនបង្កើតឡើងដោយអតីតក្រុមយោធាប៉ារ៉ាស្តាំនិយម ហើយនិងបណ្តាញក្រុមរត់ពន្ធគ្រឿងញៀន សុទ្ធតែជាភាគីពាក់ព័ន្ធនៅក្នុងជម្លោះផ្ទៃក្នុងនេះ។ រដ្ឋមន្រ្តីការពារជាតិកូឡុំប៊ី លោក Pedro Sanchez បាននិយាយថា រដ្ឋាភិបាលបានអនុម័តថវិកាចំនួន ​២៧១លានដុល្លារ សម្រាប់ដំណាក់កាលដំបូងនៃគម្រោងខាងលើ។

សូមជម្រាបថា កាលពីចន្លោះឆ្នាំ២០២៤ និងឆ្នាំ២០២៥ កូឡុំប៊ីបានកត់ត្រាករណីវាយប្រហារសរុបចំនួន២៦៤ ករណី ដែលធ្វើឡើង​ដោយយន្តហោះដ្រូនបំពាក់គ្រាប់បែក។ ការវាយប្រហារទាំងនោះ ត្រូវបានកំណត់ថា ជាស្នាដៃរបស់ក្រុមទ័ពព្រៃ ELN និង FARC។ ការវាយប្រហារដោយដ្រូនចន្លោះឆ្នាំ២០២៤-២០២៥ បានសម្លាប់ទាហានកូឡុំប៊ី១៥នាក់ និង១៥៣នាក់ផ្សេងទៀត បានរងរបួស៕ (Reuters)



 

Powered by Blogger.