1/13/2026

លោក ត្រាំ គំរាមយកពន្ធគយ ២៥ភាគរយលើប្រទេសណាដែលរកស៊ីជាមួយអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី១២ ខែមករា បានគំរាមថាប្រទេសទាំងឡាយដែលបន្តរកស៊ីជាមួយអ៊ីរ៉ង់ នឹងត្រូវប្រឈមនឹង ពន្ធគយ២៥ភាគរយពីសហរដ្ឋអាមេរិក ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើចំណាត់ការឆ្លើយតបទៅនឹងស្ថានការណ៍នៅអ៊ីរ៉ង់ដែលកំពុងជួបប្រទះនឹងបាតុកម្មប្រឆាំង រដ្ឋាភិបាលដ៏ធំបំផុតមិនធ្លាប់មានក្នុងពេលរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «ចូលជាធរមានភ្លាមៗ! ប្រទេសទាំងឡាយណាដែលបន្តរកស៊ីជាមួយ សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ នឹងត្រូវបង់ពន្ធគយ ២៥ភាគរយ លើពាណិជ្ជកម្មទាំងអស់ដែលពួកគេមានជាមួយសហរដ្ឋអាមេរិក»។ លោក ត្រាំមិនបានលម្អិតអ្វីបន្ថែមទេ ប៉ុន្តែ គោលដៅនាំចេញទំនិញសំខាន់ៗរបស់អ៊ីរ៉ង់ក្នុងនោះរួមមាន៖ ចិន អេមីរ៉ាតអារ៉ាប់រួម និងឥណ្ឌា៕