លោក ព្រាប សុផាត ឧបត្ថម្ភម៉ូតូ១០គ្រឿងជូនដល់កងទ័ពជួរមុខនៅទិសថ្មដា ដើម្បីពង្រឹងការដឹកជញ្ជូនស្បៀង
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ ក្នុងស្មារតីស្នេហាជាតិ និងដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បាននាំយកនូវអំណោយជាមធ្យោបាយធ្វើដំណើរ គឺម៉ូតូចំនួន ១០គ្រឿង ឧបត្ថម្ភជូនដល់កងទ័ពកម្ពុជា។
ប្រសាសន៍ថ្លែងក្នុងឱកាសនោះ លោក ព្រាប សុផាត បានមានប្រសាសន៍លើកឡើងទាំងក្តីរំភើប និងមោទនភាពចំពោះវីរភាពរបស់កងទ័ពយើងថា៖ "ការឧបត្ថម្ភម៉ូតូនាពេលនេះ គឺជាការចូលរួមចំណែកបន្តិចបន្តួច បើធៀបទៅនឹងការលះបង់ដ៏មហិមារបស់បងប្អូនកងទ័ពដែលកំពុងឈរជើងនៅសមរភូមិមុខ។ យើងខ្ញុំដែលជានិរោធភាពនៅខាងក្រោយ តែងតែចងចាំ និងដឹងគុណជានិច្ចចំពោះវីរភាពអង់អាចក្លាហានរបស់បងប្អូន ដែលបានពលីកម្លាំងកាយចិត្តការពារដីខ្សាច់គ្រប់គ្រាប់ និងបូរណភាពទឹកដីនៃមាតុភូមិយើង មិនឱ្យសត្រូវឈ្លានពានមកបំពានបានឡើយ។"
លោកបានបន្ថែមទៀតថា ម៉ូតូទាំងនេះនឹងក្លាយជាមធ្យោបាយដ៏សំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ជូនស្បៀងអាហារ និងសម្ភារៈឧបភោគបរិភោគទៅកាន់គោលដៅឈរជើងរបស់កងទ័ព ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ម៉ូតូទាំង ១០គ្រឿងនេះ នឹងត្រូវបញ្ជូនទៅកាន់ភូមិសាស្ត្រទិសថ្មដា ខេត្តពោធិ៍សាត់ ដើម្បីបម្រើការងារជូនវីរកងទ័ពកម្ពុជា ដែលកំពុងតស៊ូប្រយុទ្ធយ៉ាងមោះមុត ក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ ឆ្លើយតបចំពោះទង្វើឈ្លានពានយ៉ាងគឃ្លើនរបស់កងទ័ពថៃ។
សកម្មភាពសប្បុរសធម៌របស់លោកប្រធានមន្ទីរ មិនត្រឹមតែជាការជួយសម្រួលផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវកម្លាំងចិត្តយ៉ាងធំធេងដល់កងកម្លាំងប្រដាប់អាវុធ ដើម្បីបន្តបេសកកម្មការពារជាតិឱ្យបានរឹងមាំជានិរន្តរ៍៕











Post a Comment