លោក ដូណាល់ ត្រាំ គំរាមវាយប្រហារសាជាថ្មីលើប្រទេសអ៊ីរ៉ង់

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ ទី២៩ ខែធ្នូ បានគំរាមថាសហរដ្ឋអាមេរិកអាចនឹងគាំទ្រការវាយប្រហារទ្រង់ទ្រាយធំសាជាថ្មីលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ចាប់ផ្ដើមកសាងកម្មវិធីមីស៊ីលបាលិស្ទីគ និងកម្មវិធីអាវុធនុយក្លេអ៊ែរឡើងវិញ ហើយព្រមានក្រុមហាម៉ាសពីផលវិបាកធ្ងន់ធ្ងរក្នុងករណីមិនព្រមានរំសាយអាវុធទេនោះ។

ថ្លែងនៅក្បែរនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បន្ទាប់ពីកិច្ចប្រជុំមួយនៅភូមិគ្រឹះMar-a-Lago របស់លោក ក្នុងរដ្ឋ Florida លោក ត្រាំ បានលើកឡើងថាអ៊ីរ៉ង់ ប្រហែលជាកំពុងព្យាយាមសា្ដរឡើងវិញនូវកម្មវិធីអាវុធរបស់ខ្លួន បន្ទាប់ពីរងការវាយប្រហារដ៏សម្បើមមួយពីសហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។ តាមលោក ត្រាំ កិច្ចពិភាក្សារបស់លោក ជាមួយលោក ណេតាន់យ៉ាហ៊ូ បានផ្ដោតជាសំខាន់លើការជំរុញបទឈប់បាញ់ហ្កាហ្សា ដែលលោកជាអ្នកសម្របសម្រួលឡើង ក៏ដូចជាដោះស្រាយក្ដីកង្វល់របស់អ៊ីស្រាអែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ និងក្រុមហេសបូឡានៅលីបង់។

ពាក់ព័ន្ធនឹងបទឈប់បាញ់ហ្កាហ្សា លោក ត្រាំ បាននិយាយថាលោកចង់ឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាសដំណើរការដំណាក់កាលទី២ នៃបទឈប់បាញ់ហ្កាហ្សា ខណៈភាគីទាំង២ចោទប្រកាន់ គ្នាទៅវិញទៅមកពីការរំលោភបំពានលើបទឈប់បាញ់។

សូមជម្រាបថា អ៊ីរ៉ង់ដែលបានធ្វើសង្រ្គាម១២ថ្ងៃជាមួយអ៊ីស្រាអែលកាលពីខែមិថុនា បានឱ្យដឹងកាលពីសប្ដាហ៍មុនថាខ្លួនបានដឹកនាំការធ្វើសមយុទ្ធយោធាជាលើកទី២ក្នុងខែធ្នូនេះ។ លោក ណេតាន់យ៉ាហ៊ូវិញកាលពីសប្ដាហ៍មុនក៏បាននិយាយដែរថាអ៊ីស្រាអែលមិនមែនកំពុងស្វែងរកការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់នោះទេ ប៉ុន្តែលោកថានឹងលើកយកបញ្ហាទាក់ទិននឹងសកម្មភាព របស់អ៊ីរ៉ង់ទៅជជែកជាមួយលោក ត្រាំ៕ (Reuters)



 

Powered by Blogger.