ឧត្តមសេនីយ៍រុស្ស៊ីមួយរូបបានស្លាប់ក្នុងហេតុការណ៍ផ្ទុះរថយន្តនៅមូស្គូ ក្រោយកិច្ចចរចាជាមួយអាមេរិក

មូស្គូ៖ ឧត្តមសេនីយ៍រុស្ស៊ីមួយរូបបានស្លាប់នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីគ្រឿងផ្ទុះបានផ្ទុះឡើងនៅក្រោមរថយន្តរបស់លោកនៅភាគខាងត្បូងទីក្រុងមូស្គូ។ ហេតុការណ៍នេះកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកិច្ចចរចាជាមួយសហរដ្ឋអាមេរិក។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបញ្ជាក់ថា ជនរងគ្រោះគឺលោកឧត្តមសេនីយ៍ទោ ហ្វានីល សាវ៉ារ៉ូវ (Fanil Sarvarov) ប្រធាននាយកដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការនៃអគ្គសេនាធិការកងទ័ពរុស្ស៊ី។

អ្នកនាំពាក្យគណៈកម្មាធិការ លោកស្រី ស្វេតឡាណា ប៉េត្រេនកូ (Svetlana Petrenko) បានថ្លែងថា «ក្រុមស៊ើបអង្កេតកំពុងពិនិត្យលើតម្រុយជាច្រើន...មួយក្នុងចំណោមនោះគឺថា ឧក្រិដ្ឋកម្មនេះត្រូវបានរៀបចំឡើងដោយសេវាចារកម្មអ៊ុយក្រែន»

សូមរម្លឹកថា សេវាសន្តិសុខអ៊ុយក្រែនធ្លាប់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារស្រដៀងគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលបានសម្លាប់ឧត្តមសេនីយ៍ទោ អ៊ីហ្គ័រ គីរីឡូវ (Igor Kirillov) ដោយប្រើប្រាស់គ្រាប់បែកបង្កប់ក្នុងម៉ូតូអគ្គិសនី៕ (AFP)



 

Powered by Blogger.