WFP ប្រកាសអាសន្នពីការខ្វះខាតថវិកាធ្ងន់ធ្ងរ សម្រាប់ជួយសង្គ្រោះអ្នកអត់ឃ្លាន
រ៉ូម៖ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រកាសអាសន្នថា ខ្លួនកំពុងប្រឈមនឹងការខ្វះខាតថវិកាយ៉ាងធ្ងន់ធ្ងរ ដោយសារការកាត់បន្ថយជំនួយពីប្រទេសធំៗ ដែលនឹងធ្វើឱ្យខ្លួនមានលទ្ធភាពជួយបានត្រឹមតែ ប្រហែលមួយភាគបីនៃប្រជាជនរាប់រយលាននាក់ដែលកំពុងអត់ឃ្លាននៅជុំវិញពិភពលោកប៉ុណ្ណោះ។
យោងតាម WFP ចំនួនមនុស្សដែលប្រឈមនឹងការអត់ឃ្លានធ្ងន់ធ្ងរបានកើនឡើងជាងពីរដងចាប់តាំងពីឆ្នាំ២០១៩
រហូតដល់ជាង ៣០០លាននាក់ ដោយសារសង្គ្រាម គ្រោះធម្មជាតិ និងវិបត្តិសេដ្ឋកិច្ច។
ស្របពេលដែលបញ្ហាកាន់តែធ្ងន់ធ្ងរ ថវិកាជំនួយបែរជាត្រូវកាត់បន្ថយទៅវិញ
ដោយសារម្ចាស់ជំនួយធំៗ ដូចជាសហរដ្ឋអាមេរិក បានកាត់បន្ថយការបរិច្ចាគរបស់ពួកគេ។
នាយិកាប្រតិបត្តិ WFP
លោកស្រី ស៊ីនឌី ម៉ាក់កេន បានហៅស្ថានភាពនេះថាជារឿង «ដែលមិនអាចទទួលយកបានទាំងស្រុងក្នុងសតវត្សរ៍ទី២១» ជាពិសេសនៅតំបន់ហ្គាហ្សា
និងស៊ូដង់ ដែលកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស។ លោកស្រីបានបញ្ជាក់ថា ជំនួយសកលពេលនេះ
មិនអាចគ្របដណ្តប់សូម្បីតែពាក់កណ្តាលនៃតម្រូវការ ហើយ WFP ត្រូវបង្ខំចិត្តកាត់បន្ថយជំនួយស្បៀង
និងជ្រើសរើសជួយតែក្រុមមនុស្សដែលងាយរងគ្រោះបំផុត។
សូមជម្រាបថា កាលពីសប្តាហ៍មុន
ទីភ្នាក់ងារស្បៀងអាហាររបស់ UN បានព្រមានអំពី «តំបន់ក្តៅនៃការអត់ឃ្លាន» ចំនួន ១៦កន្លែងនៅជុំវិញពិភពលោក
ដោយបញ្ជាក់ថា មកទល់ពេលនេះ ពួកគេទទួលបានថវិកាត្រឹមតែ ១០.៥ពាន់លានដុល្លារប៉ុណ្ណោះ
ក្នុងចំណោមថវិកាដែលត្រូវការសរុបចំនួន ២៩ពាន់លានដុល្លារ
ដើម្បីជួយ សង្គ្រោះអ្នកដែលកំពុងប្រឈមនឹងហានិភ័យ៕

Post a Comment