កិច្ចសហប្រតិបត្តិការ កម្ពុជា-អាមេរិក សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១២រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបលោកស្រី Bridgette L. Walker ភារៈធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជានិច្ចជាកាលនៅបន្តជួយគាំទ្រដល់វិស័យសុខាភិបាល តាមរយៈជំនួយដោយផ្ទាល់ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានចូលរួមសហការគាំទ្រវិស័យសុខាភិបាល ដើម្បីរក្សានិរន្តរភាពក្នុងការលើកកំពស់សុខុមាលភាពប្រជាជនកម្ពុជា និងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជានាពេលកន្លងមក។

លោកស្រីភារៈធារី បានថ្លែងអំណរគុណដល់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រដល់គម្រោងផ្តួចផ្តើមនានារបស់សហរដ្ឋអាមេរិក និងជម្រាបជូនពីការដាក់ចេញ យុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ (America First Global Health Strategy) ដែលនឹងត្រូវអនុវត្តតាមរយៈការរៀបចំអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីធានាបាននូវតម្លាភាព និងនិរន្តរភាពរយៈពេលវែងនៃកម្មវិធីជំនួយបរទេសផ្នែកសុខភាពរបស់សហរដ្ឋអាមេរិក ដែលជាផែនការយុទ្ធសាស្ត្រ សន្តិសុខសុខភាពសកល និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង ដោយលោកស្រីស្នើសុំអនុសាសន៍ លើសេចក្តីព្រាង កិច្ចព្រមព្រៀងទ្វេភាគីថ្មីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី សូមគាំទ្រយុទ្ធសាស្ត្រសុខភាពសកលអាមេរិកទីមួយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការជួយសង្គ្រោះជីវិត និងអភិវឌ្ឍប្រព័ន្ធសុខភាពប្រកបដោយភាពធន់ ទាំងនៅកម្ពុជា និងទូទាំងពិភពលោក និងស្នើសុំមានការពិភាក្សាកម្រិតបច្ចេកទេសបន្ថែមទៀត ដើម្បីអាចសម្របសម្រួលតាមគោលដៅថ្មីនេះ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កា លើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា” និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សហរដ្ឋអាមេរិក តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ដែលបានផ្តល់កិច្ចសហការរួមចំណែកគាំទ្រវិស័យសុខាភិបាល រហូតសម្រេចបាននូវគោលដៅអភិវឌ្ឍន៍សហស្សវត្ស នាពេលកន្លងមក ពេលបច្ចុប្បន្ន ព្រមទាំងបានបញ្ជាក់ជំហរយ៉ាងមោះមុត ក្នុងការបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕







 

Powered by Blogger.