សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពី Istanbul មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអបអរសាទរ ជើងហោះហើររបស់ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពី Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមកិច្ចសហការដ៏រីករាយរវាង រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា ការតភ្ជាប់ជើងហោះហើរថ្មីបន្ថែមមួយទៀតនេះ គឺជាសមិទ្ធផលថ្មីក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមការខិតខំប្រឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ។

ការទាក់ទាញបាននូវជើងហោះហើរពីទីក្រុង Istanbul គឺក្រោយមានវត្តមានអាកាសយានដ្ឋានអន្តរជាតិតេជោដ៏ទំនើប ដែលជាសមិទ្ធិផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ការហោះហើរត្រង់នេះ បង្កឱ្យមានលក្ខណៈងាយស្រួលក្នុងការតភ្ជាប់ទៅតំបន់អឺរ៉ុប តាមរយៈទីក្រុង Istanbul ប្រទេសតួកគីយ៉េ ដែលជាមជ្ឈមណ្ឌលនៃការតភ្ជាប់ទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប យ៉ាងងាយស្រួល។

ការសម្រេចបើកការហោះហើរត្រង់ពីទីក្រុង Istanbul នៃសាធារណរដ្ឋតួកគីយ៉េ មកកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងជួយឱ្យកំណើនអ្នកដំណើរ និងភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា កាន់តែច្រើនឡើងបន្ថែមទៀត តាមរយៈការតភ្ជាប់ជាមួយក្រុមហ៊ុនអាកាសចរណ៍ ដែលហោះហើរដល់គោលដៅជាង ៣៥០កន្លែងដល់ប្រទេសចំនួន ១៣០ប្រទេសជុំវិញពិភពលោក ហើយកម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាគោលដៅទី១១ នៅក្នុងតំបន់អាស៊ី ដែលក្រុបហ៊ុនបានបើកប្រតិបត្តិការភ្ជាប់ការហោះហើរជាមួយ ៕






 

Powered by Blogger.