រដ្ឋបាលខេត្តបន្ទាយមានជ័យ ៖ ស្ថានភាពភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះមិនមានអ្វីកើតឡើងថ្មីនោះទេ

ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញថា នៅប៉ុន្មានថ្ងៃកន្លងទៅនេះ មានការយករូបថត និងវីដេអូចាស់ៗអំពីការដាក់ និងរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិត មកផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កើតឱ្យមានការភាន់ច្រឡំក្នុងចំណោមសាធារណជន។ ចំពោះករណីនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមគូសបញ្ជាក់ថា ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។

ជាមួយគ្នានេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមជូនព័ត៌មានដល់សាធារណជន ជ្រាបថា ក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ដ្រូន ដើម្បីថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការ ការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ក្នុងពេលជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ច របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000

រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សូមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងសូមកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ ស្នើសុំសាធារណជនមេត្តាតាមដាន និងទទួលយកតែព័ត៌មាន ពីប្រភពផ្លូវការ ដើម្បីបានព័ត៌មានពិត ត្រឹមត្រូវ និងកុំឱ្យមានការយល់ច្រឡំ៕






 

Powered by Blogger.