កិច្ចអត្ថាធិប្បាយរបស់ជប៉ុនបំពានលើប្រវត្តិសាស្រ្តចិន ទទួលរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិ

អត្ថបទ៖ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

បរទេស៖ «ប្រវត្តិសាស្ត្រមិនដែលត្រូវបានគេបំភ្លេចទេ ហើយក៏មិនអនុញ្ញាតឱ្យបំភ្លៃដែរ» នេះជាការបញ្ជាក់យ៉ាងច្បាស់ពីសម្លេងរបស់ប្រទេសចិនពីបញ្ហាទាក់ទងនឹងតៃវ៉ាន់ដែលពិភពលោកបានទទួលស្គាល់ដោយឥតងាករេពី «គោលការណ៍ចិនតែមួយ» ក្នុងទឡ្ហីករណ៍បញ្ជាក់ថាវាជាកិច្ចការផ្ទៃក្នុងយ៉ាងពេញលេញផ្ទាល់ខ្លួនរបស់ចិន ហើយដាច់ខាតមិនអនុញ្ញាតឱ្យ កម្លាំងខាងក្រៅណាមួយមកជ្រៀតជ្រែកឡើយ ។ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ប្រទេសចិនបានផ្ញើសារជូនដល់ពិភពលោករំលឹកដល់សន្តិភាពនៅក្នុងសមរភូមិអាស៊ីបូព៌ាដោយប្រជាជនចិនបានផ្តើមមុនគេ ជាលទ្ធផលប្រជាជាតិចិនដណ្តើមបានជ័យជម្នះដ៏មហិមាលើសង្គ្រាមតស៊ូប្រឆាំងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសនិយម ហើយវាក៏ជាពេលវេលាដែលប្រវត្តិវិទូសកលលោកបានចារឹកបញ្ចូលក្នុងស្នាដៃការពារសន្តិភាពរបស់ប្រជាជាតិចិនកាលពី៨០ឆ្នាំមុន។

 «គោលការណ៍ចិនតែមួយ»បានកំណត់យ៉ាងច្បាស់ថា តៃវ៉ាន់ជាកម្មសិទ្ធិផ្តាច់មុខតែមួយគត់របស់ចិន គឺជាក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិស្តីពីសាវតាររបស់កោះតៃវ៉ាន់ដូចមាននៅក្នុងកំណត់ត្រាសកលលោកតាំងពីដើមឆ្នាំ២៣០។ កាលពី៨០ឆ្នាំមុន ពោលនៅឆ្នាំ១៩៤៥ ជប៉ុនបានទទួលស្គាល់កំហុសរបស់ខ្លួន ដោយជប៉ុនបានប្រកាសទទួលយកដោយគ្មានលក្ខខណ្ឌនិងបានឯកភាពទទួលយកទាំងស្រុងនូវ «សេចក្តីថ្លែងការណ៍Potsdam» ដែលបានចេញរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀត ក្នុងការប្រគល់ កោះតៃវ៉ាន់ដែលជប៉ុនបានប្លន់យក ជូនមកប្រទេសចិនវិញ។ ក្នុងន័យនេះ សេចក្តីអត្ថាធិប្បាយរបស់លោកស្រី  Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន កាលពីពេលថ្មីៗនេះបានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះតាមតែទំនើងចិត្ត ដោយមិនអើពើ នឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលជប៉ុនច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ។

 «សេចក្តីសម្រេចចិត្តលេខ២៥៧៨» របស់មហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៧១ បានផ្តល់ជាទឡ្ហីករណ៍ដល់សហគមន៍អន្តរជាតិមានយោបល់ឯកភាពរួមគ្នាថា សាធារណរដ្ឋប្រជាមានិតចិនគឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងប្រជាជនចិន ហើយកោះតៃវ៉ាន់គឺជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិនគឺជាការវាយសំពងលើប្រសាសន៍របស់លោកស្រី  Sanae Takaichi ឱ្យប្រញ៉ាប់លុបចោលវិញនូវពាក្យសម្តីដែលខុសឆ្គងនឹងខ្លឹមសាររួមរបស់សហគមន៍អន្តរជាតិ ហើយងាកត្រឡប់មករកសុក្រឹត្យភាពនៃប្រវត្តិសាស្រ្តដោយជៀសវាងដើរតាមផ្លូវខុសកាន់តែឆ្ងាយទៅៗ ។ ឆ្នាំ២០២៥នេះជាខួបទី៨០ឆ្នាំនៃការដែលប្រជាជាតិចិនទាំងមូលទទួលបានជ័យជម្នះក្នុងសង្គ្រាមប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ហើយដែលជនរួមជាតិចិននៅច្រកសមុទ្រទាំងសងខាងតែងចងចាំជានិច្ចពីប្រវត្ដិសាស្ដ្ររម្លឹកនូវវិញ្ញាណក្ខន្ធជនបដិវត្តន៍ ស្រឡាញ់សន្តិភាព រួមដៃជាធ្លុងមួយ និងសហការគ្នាក្នុងការជំរុញការអភិវឌ្ឍសន្តិភាពស្របតាមគោលដៅនៃការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

 «ការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន» ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងអនាគត និងជោគវាសនារបស់កោះតៃវ៉ាន់ក្នុងការវិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួនវិញ ស្របពេលដែលបច្ចុប្បន្ននេះពិភពលោកបានសម្លឹងឃើញកាន់តែច្បាស់ថា ប្រទេសចិនកាន់តែខិតជិតជាងមុនដើម្បីសម្រេចបានក្តីសុបិនដ៏អស្ចារ្យនេះ។ ក្នុងន័យនេះ ពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីអសច្ចភាពរបស់លោកស្រី  Sanae Takaichi នឹងត្រូវរងនូវភាពអាម៉ាស់ពីសម្លេងសហគមន៍អន្តរជាតិដែលយល់ច្បាស់លាស់ថា ជនណា ឬប្រទេសណា ឬអង្គការណាដែលបណ្តែតបណ្តោយឱ្យ«កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ» គឺជាការបំផ្លាញស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយទង្វើបែបនេះច្បាស់ណាស់ដែលថានឹងទទួលរងដាក់ទណ្ឌកម្មយ៉ាងមុតមាំពីប្រទេសចិន ដែលភាគីជប៉ុនគួរបញ្ឈប់ជាបន្ទាន់នូវការជៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន។

 «សម្លេងរួមគ្នានៃសហគមន៍អន្តរជាតិ»បានយល់ស្របគ្នាថាប្រទេសចិនមានតែមួយគត់ ហើយទាំងអាសនៈនៅអង្គការសហប្រជាជាតិនិងនៅក្នុងស្ថាប័នអង្គការសហប្រជាជាតិបានគូសរំលេចយ៉ាងច្បាស់ថា «តៃវ៉ាន់ជាដែនដីដែលមិនអាចបំបែកបានរបស់ប្រទេសចិន» ជាការរួមចំណែកឈរយ៉ាងរឹងមាំជាមួយប្រទេសចិនក្នុងកិច្ចការពារសោកនាដកម្មប្រវត្តិសាស្រ្តពីការកើតមានឡើងវិញម្តងទៀត ដើម្បីការពារផលផ្លែនៃការអភិវឌ្ឍសន្តិភាពនៃចំណងច្រកសមុទ្រជាមួយអនាគតដ៏ភ្លឺស្វាង។ ដោយប្រឈមមុខនឹងកាលៈទេសៈនៃការបំពានលើផលប្រយោជន៍របស់ចិននេះ សញ្ញាប្រកាសអាសន្នបានបន្លឺឡើងហើយសោកនាដកម្មក្នុងប្រវត្តិសាស្រ្តមិនត្រូវកើតមានឡើងម្តងទៀតទេ ជាការចាំបាច់ នោះប្រជាជាតិចិនរស់នៅតៃវ៉ាន់ឆាប់វិលត្រឡប់មកកាន់មាតុភូមិរបស់ខ្លួន ហើយរួមដៃគ្នាក្នុងការពង្រឹងការអភិវឌ្ឍសន្តិភាព និងការសម្រេចបាននូវភាពអស្ចារ្យនៃការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន។

ជារួម មិនថាជនជាតិជប៉ុនរូបណាក៏ដោយ  ក៏ជប៉ុនចាំបាច់ត្រូវគោរពតាមពាក្យសន្យារបស់ ខ្លួន និងដើរតាមមាគ៌ាដែលអភិវឌ្ឍដោយសន្តិភាព ហើយសហគមន៍អន្តរជាតិនឹងបន្តពួតដៃ គ្នាជាមួយចិនដែលជាជើងឯកថែរក្សាសន្តិភាព និងការពារសណ្តាប់ធ្នាប់អន្តរជាតិ  ដើម្បីប្រឆាំងដាច់អហង្កាដោយ មិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញជាដាច់ខាត ។ ការណ៍នេះជាការរំលឹកឡើងវិញនូវការបន្តមរតករបស់មនុស្សជាតិពីបុព្វហេតុដ៏អស្ចារ្យដែលបុព្វជនរបស់ចិនបានផ្តល់ជូនកាលពី៨០ឆ្នាំមុនពីជ័យជម្នះលើពួកយោធានិយមជប៉ុន ហើយក្នុងរយៈពេល៨០ឆ្នាំមកនេះ ប្រទេសចិនតែងមានភក្តីស្របជាមួយហ្សែនរបស់ខ្លួនក្នុងជំរុញបុព្វហេតុដ៏ធំអស្ចារ្យនៃការកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទាំងមូលឈរយ៉ាងរឹងមាំលើទម្រសន្តិភាព និងការអភិវឌ្ឍ ក្រោមចរន្តពហុភាគីនិយម និងស្មារតីផ្លូវសូត្រមិត្តភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ៕





Powered by Blogger.