កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ នៅថ្ងៃទី៨ ខែវិច្ឆិកា

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខនេះ កម្ពុជា និងថៃ នឹងអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី២ នៃដំណាក់កាលទី១ ស្របតាមផែនការសកម្មភាពដែលត្រូវបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ នៃព្រះរាជាណាចក្រកម្ពុជា និង ឧត្តមសេនីយ៍ទោ វីរ៉ាក់យុទ្ធ រ៉ាក់ស៊ីង មេបញ្ជាការកងទ័ពភូមិភាគទី២ នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គម Facebook ផ្លូវការរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបញ្ជាក់ឱ្យដឹងទៀតថា ភាគីទាំងពីរបានអនុវត្តការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់ជំហានទី១ នៃដំណាក់កាលទី១ ដោយជោគជ័យនៅក្រោមការសង្កេត និងផ្ទៀងផ្ទាត់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។ កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីធានាថា ផែនការសកម្មភាពនេះនឹងត្រូវបានអនុវត្តឱ្យបានពេញលេញ ត្រឹមត្រូវ មានប្រសិទ្ធភាព និងប្រកបដោយតម្លាភាព។

សូមរំឭកថា កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានរៀបចំកិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) និងឯកភាពគ្នាលើផែនការជាក់លាក់ ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគីទាំងសងខាងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT សំដៅរួមគ្នាកាត់បន្ថយភាពតានតឹងផ្នែកយោធា។ ការកែសម្រួលអាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់សម្រាប់ដំណាក់កាលទី១នេះ ត្រូវធ្វើឡើងចំនួន ០៣ (បី) លើក គឺចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥៕



 

Powered by Blogger.