សហរដ្ឋអាមេរិក ត្រៀមបង្កើតវត្តមានយោធានៅមូលដ្ឋានទ័ពអាកាសដម៉ាសរបស់ស៊ីរី
ដាម៉ាស៖ សហរដ្ឋអាមេរិកកំពុងត្រៀមបង្កើតវត្តមានយោធានៅឯមូលដ្ឋានទ័ពអាកាសមួយក្នុងទីក្រុងដាម៉ាស ដើម្បីជួយសម្រួលដល់កិច្ចព្រមព្រៀងសន្តិសុខមួយដែលទីក្រុងវ៉ាស៊ីនតោនកំពុងសម្របសម្រួលរវាងស៊ីរី និងអ៊ីស្រាអែល។
ផែនការដែលមិនធ្លាប់ត្រូវបានរាយការណ៍ពីមុនមកនេះ
គឺជាសញ្ញានៃការផ្លាស់ប្តូរយុទ្ធសាស្ត្ររបស់ស៊ីរី
ដោយងាកមកចាប់ដៃគូជាមួយសហរដ្ឋអាមេរិក
បន្ទាប់ពីការដួលរលំនៃរបបដឹកនាំរបស់អតីតមេដឹកនាំ បាហ្សា អាល់-អាសាដ (Bashar
al- Assad) កាលពីឆ្នាំមុន។ មូលដ្ឋានទ័ពអាកាសនេះស្ថិតនៅជិតតំបន់ដែលគេរំពឹងថានឹងក្លាយជាតំបន់គ្មានយោធា
ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងមិនឈ្លានពានរវាងអ៉ីស្រាអែល និងស៊ីរី។
កិច្ចពិភាក្សាផ្នែកបច្ចេកទេសបានផ្តោតលើការប្រើប្រាស់មូលដ្ឋាននេះសម្រាប់ប្រតិបត្តិការផ្គត់ផ្គង់, ការត្រួតពិនិត្យ, ការចាក់ប្រេង និងប្រតិបត្តិការមនុស្សធម៌
ខណៈដែលស៊ីរីនឹងបន្តរក្សាអធិបតេយ្យភាពពេញលេញលើទីតាំងនេះ។
មន្ត្រីយោធាលោកខាងលិចម្នាក់បានបញ្ជាក់ថា
ក្រសួងការពារជាតិអាមេរិកបានពន្លឿនផែនការរបស់ខ្លួនក្នុងរយៈពេលពីរខែកន្លងមកនេះ។
សូមជម្រាបថា ប្រធានាធិបតីអាមេរិក លោក ដូណាល់
ត្រាំ គ្រោងនឹងជួបជាមួយប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa នៅសេតវិមាននៅថ្ងៃចន្ទ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋស៊ីរី។
ផែនការបង្កើតវត្តមានយោធានេះ
កំពុងចម្លងតាមគំរូដែលសហរដ្ឋអាមេរិកបានអនុវត្តដោយជោគជ័យរួចមកហើយនៅលីបង់ និងហ្កាហ្សា
ដើម្បីត្រួតពិនិត្យបទឈប់បាញ់រវាងក្រុម Hezbollah-អ៊ីស្រាអែល
និងក្រុមហាម៉ាស-អ៊ីស្រាអែល។
សហរដ្ឋអាមេរិកក៏មានកងទ័ពរួចជាស្រេចនៅភាគឦសាននៃប្រទេសស៊ីរី
ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងក្រុមរដ្ឋអ៊ិស្លាម ISIS៕ (Reuters)

Post a Comment