ពលរដ្ឋងាយរងគ្រោះមកពីសង្កាត់ចំនួន៤ ក្នុងក្រុងស្ទឹងត្រែង ទទួលបានអំណោយសម្ដេចធិបតី និងលោកជំទាវតាមរយៈឯកឧត្តមអភិបាលខេត្ត
អត្ថបទ៖ ដេង ម៉ាវិន (ស្ទឹងត្រែង)
ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋងាយរងគ្រោះ ខ្វះខាត ជនចាស់ជរា ស្ត្រីម៉េម៉ាយ ជនពិការ កុមារកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ មកពីសង្កាត់ទាំង៤ ក្នុងក្រុងស្ទឹងត្រែង ទទួលបានការជួបសំណេះសំណាលពី ព្រមទាំងទទួលបាននូវអំណោយដ៏ជ្រះថ្លាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ពីសំណាក់ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្បែរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ក្នុងក្រុងស្ទឹងត្រែង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលរងខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋចំនួន៣៣២នាក់ ដែលមកពីសង្កាត់ស្ទឹងត្រែង សង្កាត់ព្រះបាទ សង្កាត់ស្រះឬស្សី និងសង្កាត់សាមគ្គីផងដែរ ។
ឯកឧត្តម សរ សុពុត្រា បានមានប្រសាសន៍ថា៖ដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសប្រជាពលរដ្ឋងាយរងគ្រោះទាំងនេះ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានាផងនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏មិនបានទុកបងប្អូនប្រជាពលរដ្ឋយើងចោលនោះដែរ ហើយជំនួយដែលនាំយកមកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ រួមមានៈក្នុង១គ្រួសារអង្ករ១ការ៉ុង. ទឹកត្រី១យួរ. ទឹកស៊ីអ៊ីវ១យួរ. ត្រីខ១យួរ និងមី១កេស គឺជាអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតតាមរយៈក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តមបានចាត់ទុកជំនួយនេះថា ជាជំនួយសង្គ្រោះបឋមដែលទោះបីជាមិនច្រើនតែក៏អាចជួយផ្គត់ផ្គង់បងប្អូនងាយរងគ្រោះ និងជួយកាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋបានមួយផ្នែកផងដែរ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទិសទី ហើយនេះក៏ជាគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ក្នុងការកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់សាសនា ឬនិន្នាការនយោបាយឡើយ ៕







Post a Comment