ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ នៅខេត្តមណ្ឌលគិរី នាឱកាសពិធីបុណ្យអុំទូក ៣ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង៧ម៉ឺននាក់

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី ៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍ “សម្លព្រូងបំពង់ ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ នៅបរិវេណសួនដំរីដែក ក្រុងសែនមនោរម្យ បានបិទបញ្ចប់ដោយជោគជ័យក្រោមបរិយាកាសដ៏សប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។

ពិធីដ៏អធិកអធមនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ យ៉ាងច្រើនកុះករ។ ក្នុងពិធីបិទនេះ គណៈកម្មការរៀបចំព្រឹត្តិការណ៍បានប្រកាសលទ្ធផលនៃ ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” លើកទី១ ដែលជាការតាំងបង្ហាញ និងប្រកួតប្រជែងម្ហូបអាហារជនជាតិដើមភាគតិច។ ជាលទ្ធផលរដ្ឋបាលស្រុកកោះញែក បានទទួលជ័យលាភីលេខ ១ ចំណែកជ័យលាភីលេខ២ស្ទួន បានទៅលើរដ្ឋបាលស្រុកកែវសីមា និងស្រុកពេជ្រាដា ។ 

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានគូសបញ្ជាក់ពីទិសដៅសំខាន់ៗ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្ត ឆ្ពោះទៅរកគោលដៅ “ទេសចរណ៍ម្ហូបអាហារ” ការបង្កើនគុណភាព និងអត្តសញ្ញាណអាហារ។ ឯកឧត្តម បានជំរុញដល់អាជីវករ និងអ្នករកស៊ីលើវិស័យបដិសណ្ឋារកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ បង្កើនគុណភាពផលិតផល និងរសជាតិអាហារ ជាពិសេស ការបង្កើតឲ្យមានភោជនីយដ្ឋានអាហារជនជាតិដើមភាគតិច ដែលផ្តោតលើម្ហូបប្រពៃណីក្នុងខេត្ត។ 

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវសហការគ្នាយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយពីម្ហូបប្រចាំតំបន់ និងបង្កើតឲ្យមានព្រឹត្តិការណ៍កម្សាន្តសប្បាយៗ (រួមទាំងពិធីបណ្ដែតប្រទីប និងបាញ់កាំជ្រួច)បន្ថែមទៀតជាប្រចាំ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ការសាមគ្គីភាព និងកិច្ចសហការរវាងគ្រប់ភាគី ដើម្បីរួមគ្នាធ្វើឲ្យខេត្តមណ្ឌលគិរី ក្លាយជាគោលដៅទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពល្បីល្បាញ។

លោក ស៊ាង សឿន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ភ្ញៀវទេសចរដែលបានចូលរួមដើរលេងកម្សាន្តក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃនេះ មានចំនួនសរុប ៧៣,៦៨៩នាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិមានចំនួន ៤៤៦នាក់។ តួលេខនេះ គឺមានការកើនឡើងជាង ២០,០០០ នាក់ បើធៀបទៅនឹងចំនួនភ្ញៀវទេសចរសរុប ៥២,៧៩៣នាក់ ដែលបានចូលរួមកាលពីឆ្នាំ២០២៤។ កំណើនភ្ញៀវក្នុងឆ្នាំ២០២៥នេះ គឺជាតួលេខដ៏ច្រើនបំផុតមិនធ្លាប់មាននាពេលកន្លងមក សម្រាប់ពិធីបុណ្យអុំទូកនៅខេត្តមណ្ឌលគិរី។

ជោគជ័យដ៏ត្រចះត្រចង់នេះ បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ក្នុងការប្រែក្លាយខេត្ត “ឋានសួគ៌បៃតង” នេះឲ្យក្លាយជាទិសដៅទេសចរណ៍វប្បធម៌ និងធម្មជាតិដ៏សំខាន់មួយ៕



Powered by Blogger.