រាជរដ្ឋាភិបាល បញ្ចេញមូលនិធិ ៤០លានដុល្លារបន្ថែមទៀត ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវ ចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦
ភ្នំពេញ ៖ ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផល ក្នុងខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាល បានសម្រេចបញ្ចេញមូលនិធិចំនួន៤០ លានដុល្លារអាម៉េរិកបន្ថែមទៀត។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់
ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី៨
ខែវិច្ឆិកា ឆ្នាំ២០២៥ ARDB បានគូសបញ្ជាក់ថា
ក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះ តម្លៃស្រូវ មានការធ្លាក់ចុះ
ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះ
ដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ២០២៤ របស់ប្រទេសមួយចំនួន
បន្តប្រើប្រាស់ក្នុងឆ្នាំ២០២៥
ដែលធ្វើឱ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះ
ជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជា និងលើសកលលោកបន្តកើនឡើង។
ARDB បន្ដថា ឆ្លើយតបនឹងបញ្ហាធ្លាក់ថ្លៃនេះ
រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើការរក្សាលំនឹងថ្លៃស្រូវ
និងលំនឹងជីវភាពបងប្អូនប្រជាកសិករ ដោយចាត់វិធានការអន្តរាគមន៍ជាបន្តបន្ទាប់
រួមទាំងការបញ្ចេញមូលនិធិ ក្រោមកម្មវិធីហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល
សម្រាប់ផ្តល់ឥណទាន ជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដែលជាដៃគូជាមួយនឹងធនាគារ ARDB
និងក្រសួងកសិកម្ម រុក្ខាប្រមាញ់
និងនេសាទដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ។
ARDB បានគូសបញ្ជាក់ថា «ដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងប្រមូលផលក្នុងខែវិច្ឆិកាដល់ខែធ្នូ
ឆ្នាំ២០២៥ និងដើមឆ្នាំ ២០២៦ ខាងមុខនេះ រាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន៤០
លានដុល្លារអាម៉េរិកបន្ថែមទៀត ក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល
ដើម្បីលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹង ថ្លៃកសិផល តាមរយៈធនាគារ ARDB
សម្រាប់ផ្តល់ឥណទានជាបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូ
ប្រមូលទិញស្រូវឱ្យអស់លទ្ធភាព និងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ»៕


Post a Comment