រាជរដ្ឋាភិបាល ធ្វើការតវ៉ាទៅកាន់ទូតថៃនៅភ្នំពេញ និងស្វាគមន៍ដៃគូអន្តរជាតិ បើកការស៊ើបអង្កេតករណីបាញ់ប្រហាររបស់កងកម្លាំងថៃ មកលើជនស៊ីវិលកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការសមស្រប ដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិលខ្មែរម្នាក់ នៅភូមិព្រៃចាន់។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឲ្យដឹងថា
រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់
កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២
ខែវិច្ឆិកា ឆ្នាំ២០២៥ បណ្តាលឲ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស។
ក្រសួងការបរទេស បន្ដថា
ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ
និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជា
ការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ
និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការ សហប្រជាជាតិ ធម្មនុញ្ញអាស៊ាន
និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។
ក្រសួងការបរទេស បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា
បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ
ហើយនឹងចាត់វិធានការសមស្របដើម្បីតាមដាន
រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល
ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។ កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ
និងការ ចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ»។
កម្ពុជា បញ្ជាក់ថា
ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ មក
កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត
ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ
ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ។
ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព
និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់ទាំងមូល រាជរដ្ឋាភិបាលកម្ពុជា
ទាមទារឱ្យប្រទេសថៃបញ្ឈប់ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយងាកទៅ
ប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមក
ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាម ច្បាប់អន្តរជាតិ
ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃ
ប្រទេសទាំងពីរនៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ៕



Post a Comment