កូរ៉េខាងត្បូង ថាកូរ៉េខាងជើងបានបាញ់រ៉ុក្កែតផ្លោងជាច្រើនគ្រាប់ អំឡុងទស្សនកិច្ចរដ្ឋមន្រ្តីការពារជាតិអាមេរិក

ព្យុងយ៉ាង៖ នាថ្ងៃអង្គារនេះ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់រ៉ុក្កែតផ្លោងជាច្រើនគ្រាប់ មួយម៉ោងមុនពេល​រដ្ឋមន្រ្តីការពារជាតិអាមេរិក លោក Pete Hegseth បានបំពេញទស្សនកិច្ចទៅកាន់តំបន់ព្រំដែនអន្តរកូរ៉េ កាលពីថ្ងៃចន្ទ អំឡុងទស្សនកិច្ចនៅក្នុង​ប្រទេសកូរ៉េខាងត្បូង។

យោធាកូរ៉េខាងត្បូង បានប្រាប់ថា ទីក្រុងព្យុងយ៉ាង ក៏បានបាញ់អាវុធស្រដៀងគ្នា ត្រឹមប៉ុន្មាននាទីមុនពេល ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបើកកិច្ចពិភាក្សាជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីចុងសប្តាហ៍មុនផងដែរ។ សរុបមក យោធាកូរ៉េខាងត្បូងអះអាងថា ប្រទះឃើញសញ្ញានៃការបាញ់រ៉ុក្កែតផ្លោងចំនួនប្រហែល១០គ្រាប់ ចូលទៅផ្នែកខាងជើងនៃសមុទ្រខាងលិច កាលពីខ្ទង់ម៉ោង៣រសៀលថ្ងៃសៅរ៍ និងខ្ទង់ម៉ោង៤រសៀលថ្ងៃចន្ទ។

សូមជម្រាបថា ទស្សនកិច្ចរបស់លោក Hegseth នៅកូរ៉េខាងត្បូង គឺបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបំពេញ​ទស្សនកិច្ចមកកាន់តំបន់អាស៊ី រួមមានទាំងនៅកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ហើយបានបង្ហាញបំណងចង់ជួបមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែមិនទទួលបានការឆ្លើយតបជាសាធារណៈពីទីក្រុងព្យុងយ៉ាង។ ទោះជាបែបនេះក្តី លោក ត្រាំ បាននិយាយថា រូបលោកនៅតែមានឆន្ទៈវិលត្រឡប់មកវិញ សម្រាប់ជំនួបនាពេលអនាគត ជាមួយលោក គីម។ រីឯកាលពីថ្ងៃសៅរ៍សប្តាហ៍មុន លោក Lee បានជួបលោក ស៉ី អំឡុងព្រឹត្តិការណ៍កិច្ចប្រជុំ APEC ហើយបានទទូចឱ្យលោកប្រធានាធិបតីចិន ជួយទីក្រុងសេអ៊ូល បន្តកិច្ចសន្ទនាឡើងវិញជាមួយទីក្រុងព្យុងយ៉ាង៕ (AFP)



 

Powered by Blogger.