អ៊ុយក្រែនអះអាងថា ពលរដ្ឋអាហ្វ្រិកជាង ១,៤០០នាក់ មកពី៣៦ប្រទេសកំពុងប្រយុទ្ធឱ្យរុស្ស៊ី

កៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក អាន់ឌ្រី ស៊ីប៊ីហា (Andriy Sybiha) បាននិយាយនៅថ្ងៃសុក្រនេះថា មានពលរដ្ឋជាង ១,៤០០នាក់ មកពី ៣៦ប្រទេសក្នុងទ្វីបអាហ្វ្រិក កំពុងប្រយុទ្ធរួមជាមួយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន។

លោក ស៊ីប៊ីហា បានលើកឡើងថា រុស្ស៊ីបានល្បួងយុវជនអាហ្វ្រិកឱ្យចុះហត្ថលេខាលើកិច្ចសន្យា ដែលលោកបានប្រៀបធៀបថា «ស្មើនឹងទោសប្រហារជីវិត» ហើយលោកបានអំពាវនាវឱ្យរដ្ឋាភិបាលអាហ្វ្រិកព្រមានពលរដ្ឋរបស់ខ្លួន។

ការអះអាងរបស់អ៊ុយក្រែននេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូងបានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតករណីពលរដ្ឋ ១៧នាក់របស់ខ្លួន ដែលបានទៅចូលរួមជាមួយកម្លាំងទាហានស៊ីឈ្នួល បន្ទាប់ពីពួកគេបានផ្ញើសារសុំជំនួយដើម្បីវិលត្រឡប់មកវិញ។ ប្រទេសជាច្រើនទៀតដូចជា កេនយ៉ា ក៏បានបញ្ជាក់ដែរថា ពលរដ្ឋរបស់ខ្លួនត្រូវបានជ្រើសរើសដោយមិនដឹងខ្លួនឱ្យទៅជាប់ពាក់ព័ន្ធក្នុងជម្លោះនេះផងដែរ៕(Reuters)



 

Powered by Blogger.