ភ្ញៀវទេសចរជាង១៥ម៉ឺននាក់ ដើរលេងកម្សាន្តនៅខេត្តកែប រយៈពេល៣ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យអុំទូក

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ក្នុងឱកាសឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ រយះពេល៣ថ្ងៃ​ ដោយគិតចាប់ពីថ្ងៃទី៤​ ដល់ទី៦​ ខែវិច្ឋិកា ឆ្នាំ២០២៥ ខេត្តកែប ទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ-បរទេស មកសម្រាកលេងកម្សាន្ត ជាង១៥ម៉ឺននាក់ (១៥៥,៤៥៨នាក់) បើប្រៀបធៀប​ឆ្នាំ២០២៤​ កើនឡើង ៥៦.៥៨% ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ៤១២នាក់​ ថយចុះ១៧.២៦%​។ នេះបើការឱ្យដឹងពីលោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប បន្តបញ្ជាក់ថា ស្ថានភាពទូទៅនៃសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ នៅតាមតំបន់ទេសចរណ៍ទូទាំងខេត្តកែប នៅតែមានភាពល្អប្រសើរ។

ក្នុងឱកាសឈប់សម្រាកនាពិធីបុណ្យជាតិនេះ រដ្ឋបាលខេត្តកែបបន្តយកចិត្តទុកដាក់ លើការគ្រប់គ្រង និងតាមដានស្ថានភាពទេសចរណ៍ប្រចាំថ្ងៃ ដើម្បីធានាថាខេត្តកែបនៅតែជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព ស្អាត​ សណ្តាប់ធ្នាប់ល្អ និងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕








 

Powered by Blogger.