រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពប្រជាជន គឺជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ
ខេត្តតាកែវ៖ ឯកឧត្តមសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា សុខភាពប្រជាជន គឺជាសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ ហើយសុខភាពប្រជាជនអាស្រ័យលើការប្តេជ្ញា ក្រមសីលធម៌ថ្លៃថ្នូរ និងសាមគ្គីភាព ព្រមទាំងធ្វើការជាក្រុម ដែលក្រសួងសុខាភិបាល បានបន្ដខិតខំប្រឹងប្រែងដោយមិនឈប់ឈរ កែទម្រង់ លើកកម្ពស់ការបម្រើសេវាសុខាភិបាល ឱ្យកាន់តែប្រសើរជាលំដាប់។
ការថ្លែងយ៉ាងដូច្នេះរបស់ឯកឧត្តមសាស្រ្ដាចារ្យ
ក្នុងឱកាសបានចុះពិនិត្យនៅមណ្ឌលសុខភាព គោកព្រេច ស្រុកគីរីវង្ស ខេត្តតាកែវ
ដោយមិនមានការជូនដំណឹងជូនដល់មន្ដ្រីក្រោមឱវាទ នាថ្ងៃអាទិត្យ ទី២ ខែវិច្ឆិកា
ឆ្នាំ២០២៥។ នាឱកាសនោះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី
ក៏បានជួបដោយចៃដន្យជាមួយលោក ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ
ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក្នុងដំណើរស្របគ្នានៅមូលដ្ឋានខាងលើ។
ក្នុងឱកាសនេះ លោក ហ៊ួត ប៊ុនណារី
បានសង្កេតឃើញថា សេវាសុខាភិបាលនៅតំបន់ព្រំដែនភាគខាងត្បូងប្រទេស មានការបម្រើសេវា
ដែលមានចំណុចកត់សម្គាល់រួមមាន៖
- ការទទួលបដិសណ្ឋារកិច្ចអ្នកជំងឺបានល្អ
- ការបម្រើសេវាដោយភាពរហ័សរហួន
និងមានការប្រាស្រ័យទាក់ទងអ្នកជំងឺបានសមរម្យ
- ការពន្យល់ច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈ
- បរិស្ថានជុំវិញសមស្រប មានការថែទាំល្អ
- អនាម័យក្នុងអគារ និងបន្ទប់ពិនិត្យព្យាបាលជំងឺល្អ
- អនាម័យបន្ទប់ទឹកទទួលយកបាន និងត្រូវឈានឱ្យប្រសើរឡើង
លោករដ្ឋលេខាធិការក្រសួងកសិកម្ម
បានវាយតម្លៃតាមភាពជាក់ស្តែង និងសរសើរដោយស្មោះអំពីភាពជាអ្នកដឹកនាំ
និងចក្ខុវិស័យឆ្ងាយរបស់មន្រ្តី បុគ្គលិកសុខាភិបាល
ដែលធ្វើឱ្យមានការប្រែប្រួលរីកចម្រើន
និងលើកកម្ពស់ប្រព័ន្ធសុខាភិបាលពីលើរហូតដល់ក្រោម។
លើសពីនោះសម្រាប់មណ្ឌលសុខភាពគោកព្រេចនេះផងដែរ គឺបានទទួល ពិន្ទុ ៨ ពី ១០ ដែលបង្ហាញថា
ជាការវាយតម្លៃល្អ ហើយមានសក្ដានុពលក្នុងការកែលម្អបន្ថែមទៀត។
ទោះបីជាមានការឆ្លើយត្រលប់ពីភាពវិជ្ជមាននូវការបម្រើសេវាសុខាភិបាលនៅក្នុងមណ្ឌលនេះពីគ្រប់មជ្ឈដ្ឋានក៏ដោយ
រដ្ឋមន្ដ្រីសុខាភិបាលក៏នៅតែបន្ដជំរុញលើទឹកចិត្ដដល់ថ្នាក់ដឹកនាំ
និងមន្ដ្រីបុគ្គលិកនៅទីនោះ ត្រូវអភិវឌ្ឍខ្លួនជាបន្ដបន្ទាប់
ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកាន់តែមានគុណភាព សុវត្ថិភាព
និងស័ក្កសិទ្ធិភាព៕






Post a Comment