សារព័ត៌មានជប៉ុន៖ សហរដ្ឋអាមេរិក សម្លឹងឃើញសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក
វ៉ាស៊ីនតោន៖ កាសែតដ៏ល្បីរបស់ជប៉ុន Nikkei Asia បានចេញផ្សាយ និងដាក់ចំណងជើងធំៗថា ប្រធានាធិបតីសហរដ្ឋអាមរិក លោក ដូណាល់ ត្រាំ មើលឃើញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាដៃគូដ៏មានសក្តានុពលនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅពេលប្រធានាធិបតីអាមេរិក
លោក ដូណាល់ ត្រាំ ប្រកាសពីការដំឡើងពន្ធគយបដិការលើបណ្ដាប្រទេសជាច្រើន
នៅជុំវិញពិភពលោកកាលពីខែមេសាកន្លងទៅ
ប្រទេសកម្ពុជាបានក្លាយជាប្រទេសជាប់ពន្ធគយខ្ពស់ជាងគេលំដាប់ទី២
ក្នុងអត្រាដល់ទៅ៤៩ភាគរយ។ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញដ៏ធំបំផុតមួយរបស់កម្ពុជា
ដែលនាំចេញភាគច្រើនដូចជាសម្លៀកបំពាក់ ស្រោមជើង និងគ្រឿងម៉ាស៊ីនអេឡិចត្រូនិក។
ប៉ុន្តែ ប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ
បានធ្វើការសម្រេចចិត្តមួយដ៏ភ្ញាក់ផ្អើល។
នៅថ្ងៃទី២៦
ខែតុលា លោក ត្រាំ បានជួបជាមួយ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត
នាឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសម៉ាឡេស៊ី
និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ
ដែលបញ្ចុះពន្ធគយបដិការលើកម្ពុជាមកនៅត្រឹម១៩ភាគរយ ដែលជាការបញ្ចុះពន្ធគយច្រើនបំផុតបើធៀបទៅនឹងអត្រាពន្ធកាលពីខែមេសា។
ក្រោយមកទៀត នៅថ្ងៃទី៦ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសពីការសម្រេចចិត្តលុបចោលបម្រាមលក់អាវុធទៅឱ្យកម្ពុជា
ដោយសំអាងលើកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការស្វែងរកសន្តិភាព និងសន្តិសុខ
ជាមួយការបើកទំព័រថ្មីមួយនៃកិច្ចសហប្រតិបត្តិការឡើងវិញ រវាងប្រទេសទាំង២
លើវិស័យការពារជាតិ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
សហរដ្ឋអាមេរិក
និងកម្ពុជា ក៏បានយល់ព្រមបើកដំណើរការឡើងវិញផងដែរ
ការធ្វើសមយុទ្ធយោធារួមគ្នាមានឈ្មោះថា «ឆ្មាំអង្គរ»
ក្រោយផ្អាកអស់ជាង៨ឆ្នាំ។
ការផ្លាស់ប្ដូររបស់សហរដ្ឋអាមេរិកត្រូវបានក្រុមអ្នកវិភាគ
មើលឃើញថាជាលទ្ធផលមួយកើតចេញពីការវាយតម្លៃរបស់រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ
លើមេដឹកនាំថ្មីរបស់កម្ពុជា គឺសម្ដេចធិបតី ហ៊ុន ម៉ាណែត
ដែលជាអតីតនិស្សិតបញ្ចប់ការសិក្សាពីសាលាយោធាអាមេរិក West Point និងសាកលវិទ្យាល័យ New York University។
«សហរដ្ឋអាមេរិកកំពុងសម្លឹងឃើញការធ្វើការជាមួយនាយករដ្ឋមន្ត្រី
(សម្ដេចធិបតី) ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់លោកដើម្បីជំរុញចក្ខុវិស័យរួម
របស់យើងលើសេរីភាព វិបុលភាព សុវត្ថិភាព និងឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយភាពធន់»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យម្នាក់
នៃក្រសួងការបរទេសអាមេរិកប្រាប់សារព័ត៌មានជប៉ុន Nikkei នៅពេលត្រូវបានសាកសួរ
ពីការផ្លាស់ប្ដូរគោលជំហររបស់សហរដ្ឋអាមេរិក។
លោក Paul Chambers ជាអ្នកវិភាគម្នាក់ខាងកិច្ចការតំបន់អាស៊ីអាគ្នេយ៍
បាននិយាយថា ការចូលរួមជាវិជ្ជមានរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ជាមួយកម្ពុជា
បានចាប់ផ្ដើមតាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០២៥។ លោកបន្ថែមថា
សហរដ្ឋអាមេរិកមានបំណងទប់ទល់ការកើនឡើងឥទ្ធិពលចិននៅកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោក
ត្រាំ មានបំណងចង់បានឧត្តមភាពលើសចិននៅកម្ពុជាតែម្ដង៕


Post a Comment