តំណាងរាស្រ្តមណ្ឌលរតនគិរី ស្នើមន្ទីរជំនាញជួសជុលផ្លូវ១ខ្សែ ទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍កោះសំពៅ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី៖ ឯកឧត្តម គិត ទ្រី អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី ស្នើឱ្យ ក្រុមការងារនិងមន្ទីរជំនាញពាក់ព័ន្ធ ធ្វើយ៉ាងណាជួសជុលផ្លូវលំ មួយខ្សែប្រវែង១៣ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧៨ឆ្ពោះទៅកាន់កោះសំពៅ តំបន់រមណីយដ្ឋានទេសចរណ៍ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋ២៩៣គ្រួសារ នៅភូមិប្រាំ ឃុំត្រពាំងច្រេស ស្រុកកូនមុំ
ការស្នើរបស់ឯកឧត្តម
គិត ទ្រី អ្នកតំណាងរាស្រ្ត មណ្ឌលរតនគិរី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម និង
ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងខេត្ត ព្រមទាំងប្រធាន-អនុប្រធានមន្ទីរដែលពាក់មួយចំនួនអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវលំខាងលើ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឯកឧត្តម បន្តថា ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់
និងគិតគូរពីសុខទុក្ខក៏ដូចជាសំណូមពរពី ប្រជាពលរដ្ឋតាមមូលដ្ឋាន សូមអោយក្រុមការងារ និងមន្ទីរំនាញពាក់ព័ន្ធ
ធ្វើយ៉ាងណាជួយសម្រួលជួសជុលផ្លូវនេះឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាពលរដ្ឋសិស្សានុសិស្ស
មូលដ្ឋានក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិផលមកកាន់ទីផ្សារមានភាពងាយស្រួល។ ពីព្រោះថា
ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងគ្រួសារ ដូច្នេះមានផ្លូវ គឺមានក្តីសង្ឃឹម
ហើយការធ្វើផ្លូវនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរងាយស្រួល
ទៅមក សាលារៀនផងដែរ។
សូមបញ្ជាក់ជូនថា
ក្នុងរដូវវស្សាកន្លងមកនេះនៅខេត្តរតនគិរី បានទទួលរងឥទ្ធិពលព្យុះភ្លៀងជាប់ៗគ្នាមិនស្រាកស្រាន
ធ្វើឲ្យផ្លូលំនៅខេត្តរតនគិរី រងការខូចខាត ជាច្រើនកន្លែងជាកំណាត់ៗរឺទាំងស្រុងដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកនានា។
ជាក់ស្តែងផ្លូវចំនួន១ខ្សែនេះ រងការខូចខាតយ៉ាងខ្លាំង លើតួផ្លូវ ពិបាកក្នុងការធ្វើដំណើរដែលទាមទារឱ្យមានការជួសជុលជាបន្ទាន់៕








Post a Comment