ក្រសួងបរិស្ថាន ប្រកាសដាក់ឱ្យប្រើ«ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា»ជាផ្លូវការ ដើម្បីជំរុញតម្លាភាពទីផ្សារកាបូន
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា» (Cambodia Carbon Registry - CCR) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ប្រចាំកម្ពុជា និង តំណាងអង្គការ ស្ថាប័នជាតិ អន្តជាតិ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធទាំងអស់ប្រមាណជិត ៣០០នាក់។
ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា
គឺជាការបង្កើតឃ្លាំងទិន្នន័យនៃឥណទានកាបូន (ឧស្ម័នផ្ទះកញ្ចក់ដែលបានកាត់បន្ថយ)
សម្រាប់បម្រើឱ្យសាធារណជនដោយឥតគិតថ្លៃនិងប្រកបដោយតម្លាភាព និងសុចរិតភាព
ស្របតាមបញ្ចកោណយុទ្ធសាស្រ្តទី៥អំពីការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។
ប្រព័ន្ធនេះក៏នឹងបម្រើឱ្យការរាប់បញ្ចូលឥណទានកាបូន
ទៅក្នុងផែនការជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (Nationally
Determined Contribution – NDC) សំដៅសម្រេចគោលដៅ
កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០
ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល។
ប្រព័ន្ធចុះបញ្ជិកាកាបូនកម្ពុជា
ក៏ជាប្រព័ន្ធប្រតិបត្តិការមួយ (Platform) ដែលកិច្ចព្រមព្រៀងប៉ារីស
ស្តីពីការប្រែប្រួលអាកាសធាតុ តម្រូវឱ្យរដ្ឋភាគីនីមួយៗរៀបចំឡើង
ដើម្បីកត់ត្រានិងគ្រប់គ្រងទិន្នន័យឥណទានកាបូននៃគម្រោងនីមួយៗឱ្យបានត្រឹមត្រូវ
មានតម្លាភាព និងគណនេយ្យភាពក្នុងប្រទេសរបស់ខ្លួន
ដើម្បីបង្កើនជំនឿទុកចិត្តដល់អ្នកវិនិយោគក្រៅប្រទេសឱ្យមកដាក់ទុនវិនិយោគគម្រោងបៃតងក្នុងប្រទេស
សំដៅសម្រេចបាននូវគោលដៅនៃNDCរបស់ប្រទេសរបស់ខ្លួនផង និងដើម្បីចូលរួមឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកលផង៕






Post a Comment