បណ្តាប្រទេសសហភាពអឺរ៉ុប នៅតែខ្វែងគំនិតគ្នាលើគោលដៅអាកាសធាតុ ឆ្នាំ២០៤០

ព្រុចសែល៖ បណ្តាប្រទេសសហភាពអឺរ៉ុប នៅតែមានការខ្វែងគំនិតគ្នាជុំវិញគោលដៅថ្មីស្តីពីការប្រែប្រួលអាកាសធាតុរបស់ខ្លួន ហើយកំពុងបន្តជជែកដេញដោលលើការផ្លាស់ប្តូរនានា ខណៈដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ មុនពេលរដ្ឋមន្ត្រីរបស់ពួកគេគ្រោងនឹងអនុម័តគោលដៅនេះ។

សហភាពអឺរ៉ុបកំពុងព្យាយាមពន្លឿនការអនុម័តគោលដៅអាកាសធាតុថ្មីមួយ ដោយគណៈកម្មការអឺរ៉ុបបានដាក់គោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៩០% ត្រឹមឆ្នាំ២០៤០។ ទោះជាយ៉ាងណា សមាជិកមួយចំនួនបានសម្តែងការព្រួយបារម្ភអំពីការចំណាយ ដែលអាចប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកដែលកំពុងជួបការលំបាក។ ប្រសិនបើមិនអាចឈានដល់កិច្ចព្រមព្រៀងបានទេ នោះប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ុយឡា វ៉ុន ដឺ ឡេយិន (Ursula von der Leyen) នឹងគ្មានគោលដៅណាមួយសម្រាប់លើកយកទៅបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP30 របស់អង្គការសហប្រជាជាតិឡើយ។

ចំណុចសំខាន់ៗដែលនៅតែជាបញ្ហាចម្រូងចម្រាស រួមមាន ភាគរយនៃការកាត់បន្ថយការបញ្ចេញឧស្ម័នដែលអាចត្រូវបានប៉ះប៉ូវតាមរយៈឥណទានកាបូនពីបរទេស។ ប្រទេសដូចជាអ៊ីតាលី និងប៉ូឡូញ បានព្រមានថាគោលដៅ ៩០% គឺតឹងរ៉ឹងពេក ខណៈប្រទេសអេស្ប៉ាញ និងស៊ុយអែត ចង់បានការកាត់បន្ថយដ៏មហិច្ឆតាមួយ។

សូមជម្រាបថា ប្រទេសចិន ចក្រភពអង់គ្លេស និងអូស្ត្រាលី បានប្រកាសគោលដៅអាកាសធាតុថ្មីរបស់ពួកគេរួចហើយ ប៉ុន្តែសហភាពអឺរ៉ុបបានខកខានកាលកំណត់របស់អង្គការសហប្រជាជាតិកាលពីខែមុន ដោយសារតែមិនអាចដោះស្រាយការខ្វែងគំនិតគ្នាផ្ទៃក្នុងបាន៕ (ប្រភព៖ Reuters)





 

Powered by Blogger.