អគ្គនាយក BBC លាលែងចេញពីតំណែង ក្រោយរងការរិះគន់ជុំវិញភាពយន្ដឯកសារអំពីលោក ត្រាំ

ឡុងដ៍ អគ្គនាយកសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយចក្រភពអង់គ្លេស (BBC) បានប្រកាសលាលែងចេញពីតំណែងកាលពីថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា បន្ទាប់ពីរងការរិះគន់ពាក់ព័ន្ធនឹងការកែសម្រួល ភាពយន្ដ​ឯកសារមួយនិយាយអំពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។

អគ្គនាយក BBC លោក Tim Davie និងនាយកប្រតិបត្តិព័ត៌មានរបស់ BBC លោកស្រី Deborah Turness បានលាលែងចេញពីតំណែងក្រោយរងការចោទប្រកាន់ថាភាពយន្ដឯកសារមួយ របស់ BBC ត្រូវបានកែសម្រួលសុន្ទរកថារបស់លោក ដូណាល់ ត្រាំ ក្នុងន័យបង្កឱ្យមានការយល់ច្រឡំ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះ លើគេហទំព័រ BBC លោក Tim Davie បាននិយាយថា «ដូចគ្នាទៅស្ថាប័នសាធារណៈទាំងអស់ BBC មិនល្អឥតខ្ចោះនោះទេ។ យើងតែងតែបើកចំហ មានតម្លាភាព និងការទទួលខុសត្រូវ...ដូច្នេះការជជែកដេញដោលបច្ចុប្បន្នអំពី BBC News វាជាហេតុលផលមួយចូលរួមចំណែកក្នុងការសម្រេចចិត្តរបស់ខ្ញុំ ហើយខ្ញុំដាច់ខាតត្រូវតែទទួលខុសត្រូវ»

សូមជម្រាបថា ការលាលែងពីតំណែងរបស់លោក Tim Davie ធ្វើឡើងមួយសប្ដាហ៍ បន្ទាប់ពីសារព័ត៌មាន The Sunday Telegraph បានបញ្ចេញកំណត់ហេតុផ្ទៃក្នុងមួយដែលបង្កើនឱ្យមាន ការសង្ស័យចំពោះភាពយន្ដឯកសាររបស់ BBC។ កាលពីថ្ងៃអាទិត្យផងដែរ រដ្ឋមន្ត្រីវប្បធម៌ ប្រព័ន្ធផ្សព្វផ្សាយ និងកីឡារបស់ចក្រភពអង់គ្លេស លោកស្រី Lisa Nandy បានចាត់ទុកការចោទប្រកាន់ លើ BBC ជាបញ្ហាធ្ងន់ធ្ងរមិនគួរឱ្យជឿ៕ (AFP)



 

Powered by Blogger.