រដ្ឋបាលខេត្តរតនគិរី ប្រារព្ធព្រះរាជពិធីបុណ្យខួបលើកទី២១ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ

អត្ថបទ៖ ជឹម ទូច

 ខេត្តរតនគិរី ៖ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី២១ឆ្នាំ (២៩តុលា២០០៤-២៩តុលា ២០២៥)របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាសកម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។ 

ពីធីនេះបានប្រព្រឹត្តទៅនៅសាលមហោស្រពរតន: ក្រោមវត្តមាន ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធាន អនុប្រធានមន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់ អាវុធជុំវិញខេត្តសិស្សានុសិស្ស ប្រជាពលរដ្ឋសរុបប្រមាណជាង ២០០នាក់ និងមានព្រះសង្ឃ សូត្រមន្តជយោនតោថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត តំណាងឱ្យ ព្រះសង្ឃ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្ត បានអានសារលិខិតថ្វាយ ដែលមានខ្លឹមសារថា នៅក្នុងព្រះរាជឱកាសពិធីខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! នៅក្នុងព្រះរាជឱកាសដ៏មហានក្ខត្តឫក្សប្រពៃថ្លៃថ្លាបំផុតនៃព្រះរាជពិធីខួបលើកទី២១ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់សប្តស័កព.ស.២៥៦៩ ត្រូវ

នឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ ទូលព្រះបង្គំជាខ្ញុំ តំណាងឲ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជានុរាស្ត្រគ្រប់ជនជាតិ នៅក្នុងខេត្តរតនគិរី សូមព្រះបរមរាជានុញ្ញាតដ៏ ខ្ពង់ខ្ពស់សូមក្រាបអភិវន្ទលំឱនកាយ វាចាចិត្តថ្វាយនូវមនោសញ្ចេតនាដ៏រំភើបរីករាយឥតឧបមា និងសូម ចូលរួមថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការថ្វាយ ចំពោះ ព្រះករុណាថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមព្រះអង្គទ្រង់សមប្រកបដោយព្រះ រាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ ព្រះកាយពលរឹងមាំខ្លាំងក្លា ព្រះរាជសុខភាព ល្អបរិបូរណ៍ ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ចាកផុតពីព្រះរោគាព្យាធិនានា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅក្នុងព្រះបរមសិរី រាជសម្បត្តិ បំពេញព្រះរាជតួនាទីដ៏ឧត្តុង្គឧត្តមថ្លៃថ្លាជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ព្រមទាំង ជាព្រះម្លប់ដ៏ត្រជាក់ត្រជំ និងសេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើនរុងរឿងដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជា អង្វែង តរៀងទៅ។

ឆ្លៀតក្នុងព្រះរាជឱកាសដ៏មហាមង្គលាភិរម្យវិសេសវិសាលបំផុតនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់ សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ បុណ្យបារមីនៃដួងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំម្សាញ់ សូមតាមជួយថែរក្សា ការពារ អភិបាល ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យ គ្រប់ប្រការ និងសូមព្រះករុណាថ្លៃវិសេស ព្រះអង្គទ្រង់សម ប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជាដរាបតរៀងទៅ៕











Powered by Blogger.