ឧបនាយករដ្ឋមន្ដ្រី ទៀ សីហា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីក្រសួងការពារជាតិអាស៊ាន លើកទី១៩ និងអាស៊ានបូក លើកទី១២
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់លោក Dato' Seri Mohamed Khaled bin Nordin រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី, នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៩ និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-បូក (ADMM-Plus) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
អមដំណើរឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីការពារជាតិ ចូលរួមកិច្ចប្រជុំខាងលើរួមមាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ
អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស
និងជាប្រធានឧត្តមមន្ត្រីការពារជាតិអាស៊ាន កម្ពុជា រួមជាមួយ នាយទាហានជាន់ខ្ពស់
នៃក្រសួងការពារជាតិមួយចំនួនទៀត។
ក្រោមប្រធានបទ «ការរួបរួមអាស៊ានសម្រាប់សន្តិសុខ និងវិបុលភាព» កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក
នឹងផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការ ការពារជាតិជាក់ស្ដែង
ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងជាមួយប្រទេសបូក
ដើម្បីដោះស្រាយបញ្ហាប្រឈមសន្តិសុខរួម។
ក្នុងឱកាសនោះ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំ
និងជំនួបក្រៅផ្លូវការ ចំនួនបួនទៀត រួមមាន៖
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន
កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រី ការពារជាតិអាស៊ាន-ឥណ្ឌា ជំនួបក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន
(ASEAN-China Defence Ministers' Lunchoen) និងជំនួបក្រៅផ្លូវការ
រដ្ឋមន្ត្រីការពារជាតិអាស៊ាន-អាមេរិក (ASEAN-US Defence Ministers'
High-Tea)។
ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំខាងលើ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងមានជំនួបទ្វេភាគី
ជាមួយរដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន និងប្រទេសបូកជាដៃគូមួយចំនួន
ដើម្បីពង្រឹង និងធ្វើឲ្យកាន់ តែស៊ីជម្រៅនូវទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី៕


Post a Comment