ហ្ស៊េរុយសាឡិម៖ បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកំពុងប្រឈមនឹងភាពរង្គោះរង្គើ ខណៈដែលអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមផ្លាស់ប្តូរការចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការរំលោភបំពានកិច្ចព្រមព្រៀង ដោយភាគីនីមួយៗបានអះអាងថា ភាគីម្ខាងទៀតជាអ្នកបង្កហេតុ។
មន្ត្រីជាន់ខ្ពស់ហាម៉ាសម្នាក់បានចោទប្រកាន់អ៊ីស្រាអែលថា
បានរំលោភបទឈប់បាញ់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤នាក់ ចាប់តាំងពីថ្ងៃសុក្រមក។
លោកបានបន្ថែមថា
បញ្ជីនៃការរំលោភបំពានទាំងនោះត្រូវបានប្រគល់ជូនអ្នកសម្របសម្រួលរួចហើយ
ដោយបានបញ្ជាក់ថា «រដ្ឋដែលកំពុងកាន់កាប់
កំពុងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីបំផ្លាញកិច្ចព្រមព្រៀង»។
ជាការឆ្លើយតប
យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗចំពោះការចោទប្រកាន់ថ្មីនេះទេ។
ទោះជាយ៉ាងណា យោធាអ៊ីស្រាអែលបានអះអាងពីមុនថា
ប្រជាជនប៉ាឡេស្ទីនមួយចំនួនបានមិនអើពើនឹងការព្រមានមិនឱ្យចូលជិតទីតាំងកងកម្លាំងរបស់ខ្លួន
ដែលនាំឱ្យកងទ័ព «បាញ់ប្រហារដើម្បីលុបបំបាត់ការគំរាមកំហែង»។
សូមជម្រាបថា
ភាពតានតឹងនេះត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរដោយជម្លោះជុំវិញការប្រគល់សាកសពចំណាប់ខ្មាំង។
អ៊ីស្រាអែលទាមទារឱ្យហាម៉ាសប្រគល់សាកសពចំណាប់ខ្មាំងដែលស្លាប់ទាំង ២៨ នាក់មកវិញ
ខណៈហាម៉ាសអះអាងថា
ការប្រគល់សាកសពបន្ថែមទាមទារការអនុញ្ញាតឱ្យនាំគ្រឿងម៉ាស៊ីនធុនធ្ងន់ចូលទៅក្នុងតំបន់ហ្កាហ្សាដើម្បីជីកកកាយជាមុន៕ (ប្រភព៖ Reuters)
