កិច្ចប្រជុំពិសេស ក្រុមលេខាធិការដ្ឋាន នៃភូមិភាគទី៤ កម្ពុជា និងភូមិភាគទី២ ថៃ សម្រេចលទ្ធផល គួរឱ្យកត់សម្គាល់
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានសម្រេច នូវការរីកចម្រើនជាវិជ្ជមាន គួរឱ្យកត់សម្គាល់ តាមរបៀបវារៈនៃកិច្ចប្រជុំ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពិសេស នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេលរសៀលថ្ងៃដដែល ។
យោងតាមសេចក្តីប្រកាសព័ត៌មាន
របស់អ្នកនាំពាក្យបានឱ្យដឹងថា ការសម្រេចលទ្ធផលនេះ បន្ទាប់ពីនៅថ្ងៃទី៣១ ខែតុលា
ឆ្នាំ២០២៥ នាវេលាម៉ោង១០និង២០នាទីព្រឹក នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ
យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ
បានរៀបចំកិច្ចប្រជុំពិសេសក្រុមលេខាធិការដ្ឋាន
នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)
សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំពិសេស
នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)។
ភាគីកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង នាយសេនាធិការរង យោធភូមិភាគទី៤
និង ភាគីថៃដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាក វ៉ាផាន់ស៊ុ នាយសេនាធិការ
កងទ័ពភូមិភាគទី២ ដោយមានការចូលរួម ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំនៅប្រទេសថៃ ដើម្បីតាមដានផ្ទៀងផ្ទាត់
និងធានាការអនុវត្ត បទឈប់បាញ់ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ។
លោកស្រីបន្តថា កិច្ចប្រជុំនេះ
ធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សា និងរៀបចំនូវផែនការជាក់លាក់
ក្នុងការសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់របស់ភាគី ទាំងសងខាងជាជំហានៗ
និងតាមដំណាក់កាល នៅក្រោមការសង្កេត និងការផ្ទៀងផ្ទាត់របស់ AOT
សំដៅរួមគ្នាកាត់បន្ថយភាព តានតឹងផ្នែកយោធា ។
លោកស្រីថា
កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ក្នុងការគោរព
និងអនុវត្តនូវអ្វី ដែលបានឯកភាពគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ
ស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥
និងកិច្ចប្រជុំពិសេសលើកទី២ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC)
ដែលប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
ដោយស្មោះត្រង់ និងប្រកបដោយសុច្ឆន្ទៈ ។
គួរបញ្ជាក់ថា បន្ទាប់ពីចុះហត្ថលេខា
លើសេចក្តីថ្លែងការណ៍រួម ដើម្បីបង្ហាញពីកាយវិការប្រកបដោយសុច្ឆន្ទៈ
ភាគីទាំងពីរបានធ្វើការ ដកដោយផ្នែក នៃជំហានទីមួយ សម្រាប់ជានិមិត្តរូប
ដោយបានដករថពាសដែកចំនួន២គ្រឿង របស់ភាគីម្ខាងៗឱ្យត្រឡប់ទៅកាន់ទីតាំងដើមវិញ
ដែលបានធ្វើឡើង កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង៩យប់ ៕










Post a Comment