សម្តេចធិបតី ដាក់ចេញការងារបន្ថែម ១២ចំណុច ដើម្បីឱ្យដំណើរការអប់រំទទួលបានលទ្ធផលកាន់តែល្អប្រសើរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញការងារបន្ថែមដល់ក្រសួងអប់រំ យុវជន និងកីឡាចំនួន ១២ចំណុច ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី ២០២៥-២០២៦ ឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាពិសេសរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ និងដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារ និងយុវជនកម្ពុជាគ្រប់ៗរូប។

តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យដំណើរការអប់រំក្នុងឆ្នាំសិក្សាថ្មី២០២៥-២០២៦ ទទួលបានលទ្ធផលកាន់តែល្អប្រសើរ សម្តេចបានលើកឡើងនូវចំណុចមួយចំនួន ដូចខាងក្រោម៖

ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់វិស័យអប់រំ ដូចដែលបានដាក់ចេញរួចហើយ ជាពិសេសការបន្តពង្រឹងអភិបាលកិច្ចសាលារៀន តាមរយៈការអនុវត្តស្តង់ដាសាលារៀនគំរូ និងបន្ត សហការជិតស្និទ្ធជាមួយលេខាធិការដ្ឋាននៃ គ.វ.អ. ដោយឈរលើគោលការណ៍មិនពង្រីកចំនួនសាលារៀនគោលដៅ ប៉ុន្តែខិតខំបង្កើនប្រសិទ្ធភាព និងចីរភាពនៃការអនុវត្តកម្មវិធី គ.វ.អ. នៅតាមសាលាបឋមសិក្សាគោលដៅទាំង១៦១ ដែលមានស្រាប់។

ទី២៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធររាជធានី ខេត្ត និងភាគីពាក់ព័ន្ធ ដើម្បីចុះស្រង់ស្ថិតិកុមារនិងសិស្សានុសិស្សដែលវិលត្រឡប់ពីប្រទេសថៃ នៅក្នុងមូលដ្ឋានរៀងៗខ្លួនឱ្យបានច្បាស់លាស់ និងជំរុញកុមារនិងសិស្សានុសិស្សទាំងនោះ ឱ្យទៅចុះឈ្មោះចូលរៀន(ថ្មី) ឬចូលរៀនបន្តនៅតាមសាលារៀនដែលនៅជិតកន្លែងស្នាក់នៅបំផុត ជាពិសេសប្រមូលព័ត៌មានកុមារ និងសិស្សានុសិស្សដែលមានតម្រូវការពិសេស ដោយត្រូវផ្តល់ការសម្របសម្រួលការគាំទ្រ និងការរៀបចំនីតិវិធីងាយៗ សម្រាប់ការចុះឈ្មោះកុមារនិងសិស្សានុសិស្សទាំងនោះ ដោយមិនចាំបាច់ទាមទារនូវឯកសារតម្រូវដូចជាសំបុត្រកំណើត ឬសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ ឬសំបុត្រ ពេទ្យជាដើម។ល។

ទី៣៖ ចំពោះសាលារៀនដែលរងផលប៉ះពាល់ពីសង្គ្រាមនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការ ដោយសារមីន ដើម្បីចុះពិនិត្យទីតាំងសាលារៀន ក្នុងគោលបំណងវាយតម្លៃផលប៉ះពាល់ឱ្យបាន គ្រប់ជ្រុងជ្រោយ និងតម្រូវឱ្យមានការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះជាមុន មុននឹងគិតគូររៀបចំផែនការសាងសង់ និងជួសជុលសំណង់អគារឡើងវិញ ដោយរួមបញ្ចូលទាំងកម្មវិធីអប់រំផ្សព្វផ្សាយឱ្យមានការយល់ដឹងអំពីយុទ្ធភណ្ឌ គ្រឿងផ្ទុះដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងធ្វើការបោសសម្អាតជាមុន ដើម្បីធានាសុវត្ថិភាពដល់ដំណើរការរៀននិងបង្រៀន។

ចំពោះសាលារៀនដែលរងផលប៉ះពាល់ខ្លាំង និងមិនអាចដំណើរការរៀននិងបង្រៀនបាននៅក្នុងឆ្នាំសិក្សាថ្មីនេះ មន្ទីរអប់រំ យុវជន និងកីឡា និងគណៈគ្រប់គ្រងសាលារៀន ត្រូវជ្រើសរើសសាលារៀនដែលនៅជិត ហើយជាកន្លែងនៅជិតទីតាំងស្នាក់នៅរបស់សិស្សផងដែរ ដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី និងដំណើរការរៀននិងបង្រៀនជាបណ្តោះអាសន្ន។ ចំពោះតំបន់ និងសាលារៀនដែលមិនអាចដំណើរការរៀននិងបង្រៀនបាន មន្ទីរអប់រំ យុវជន និងកីឡា ត្រូវសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ច រៀបចំបង្កើតថ្នាក់រៀននៅតាមជំរំ ដូចជាជំរំវត្តពោធិ ៥០០០ដើម និងទួលអណ្តែត ជាដើម តាមកម្រិតសិក្សាជាក់ស្តែង។

ទី៤៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវសហការគ្នាក្នុងការសាកល្បងអនុវត្តគន្លងអប់រំថ្មីចាប់ពីថ្នាក់ទី១០ រួមមានគន្លងវិទ្យាសាស្ត្រ គន្លងវិទ្យាសាស្ត្រសង្គម និងគន្លងវិជ្ជាជីវៈ នៅតាមវិទ្យាល័យដែលមានសក្តានុពលមួយចំនួន ជាពិសេសវិទ្យាល័យដែលមាន អគារធនធាន វិទ្យាល័យស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស និងតំបន់ឧស្សាហកម្ម ក្នុងគោលបំណង ផ្តល់ឱ្យសិស្សានុសិស្សនូវគន្លងអប់រំដែលមានរចនាសម្ព័ន្ធ និងផែនការគ្រប់ជ្រុងជ្រោយ ឆ្ពោះទៅសម្រេចបាននូវគោលបំណងសិក្សា និងអាជីពនាពេលអនាគត តាមរយៈការរៀបចំកម្មវិធីតម្រង់ទិស ការសិក្សាចាប់ពីថ្នាក់ទី៧ និងការបែងចែកសិស្សតាមគន្លងអប់រំថ្មីនៅថ្នាក់ទី១០ ដោយផ្អែកលើ សមត្ថភាពនិងឧបនិស្ស័យ។

ទី៥៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវអនុវត្តកម្មវិធីសិក្សាផ្លូវការឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ជាពិសេសត្រូវរិះរកវិធីដើម្បីអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ក្នុងគោលដៅបន្ថែម២ម៉ោងសិក្សាយ៉ាងតិច ក្នុងមួយថ្ងៃ ដោយផ្តោតលើការបង្រៀនបន្ថែមមុខវិជ្ជាសិក្សាគោល ដូចជាភាសាខ្មែរ អំណាន និង គណិតវិទ្យា ព្រមទាំងការពង្រឹងវិន័យ សីលធម៌ និងឥរិយាបថ។

ទី៦៖ គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវបន្តលើកកម្ពស់អនាម័យ និងបរិស្ថានស្អាតនៅតាមសាលារៀន ដោយបង្កើនសកម្មភាពអប់រំសុខភាព ការរៀបចំបន្ទប់សុខភាពតាមស្តង់ដា ការពិនិត្យមើលសុវត្ថិភាពចំណី អាហារនិងអាហារូបត្ថម្ភ ការរៀបចំបរិស្ថានសាលារៀនបៃតង សាលារៀនស្អាតគ្មានសំរាម ជាដើម។ ទន្ទឹមនេះគ្រឹះស្ថានសិក្សាត្រូវគិតគូរអំពីការគាំទ្រសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដោយត្រូវបញ្ចូលកម្មវិធីអប់រំសុខភាពផ្លូវចិត្ត និងសុខុមាលភាព ដើម្បីកាត់បន្ថយ ការឈឺថ្កាត់ និងផលប៉ះពាល់លើសុខភាព។

ទី៧៖ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន សំដៅលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនឱ្យស្របតាមស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងត្រូវរៀបចំកម្មវិធី អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ជាពិសេសការយល់ដឹង និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតនៅក្នុងការបំពេញការងារ។

ទី៨៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវធ្វើសមាហរណកម្មបច្ចេកវិទ្យាឌីជីថល ទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត ដោយជំរុញការបង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល ការរៀបចំថ្នាក់រៀន ឆ្លាតវៃ ការភ្ជាប់បណ្តាញអ៊ីនធឺណិតនៅតាមសាលារៀន ការលើកកម្ពស់សមត្ថភាពនីជីថលដល់ គ្រូបង្រៀន ការផលិតនិងការកែលម្អមាតិកាសិក្សា និងការផ្សព្វផ្សាយមាតិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ។

ទី៩៖ មាតាបិតា អាណាព្យាបាលគ្រប់រូបសូមនាំកូនចៅទៅចុះឈ្មោះចូលរៀន និងចូលរួមតាមដាន ការសិក្សា អត្តចរិត សីលធម៌ និងសុជីវធម៌របស់កូនចៅ ទាំងនៅក្នុងគ្រួសារ និងក្នុងសហគមន៍ ព្រមទាំងជួយបង្រៀនកូនបន្ថែម ឬបង្កលក្ខណៈឱ្យកូនបានសិក្សាបន្ថែមពេលនៅផ្ទះ ជាពិសេស សូមចំណាយពេលចូលរួមអានសៀវភៅជាមួយកូន។

ទី១០៖ ក្មួយៗសិស្សានុសិស្ស យុវជន យុវនារីទាំងអស់សូមបន្តខិតខំរៀនសូត្រឱ្យបានជ្រៅជ្រះ និងស្រាវជ្រាវ ឱ្យបានខ្ជាប់ខ្ជួន ព្រមទាំងប្រកាន់ខ្ជាប់នូវអត្តចរិត គុណធម៌ និងសីលធម៌ល្អប្រពៃ ព្រមទាំងចូលរួម ធ្វើតែអំពើល្អ ដើម្បីការរីកចម្រើននិងសន្តិភាពនៅក្នុងគ្រួសារ សង្គម និងប្រទេសជាតិយើងទាំងមូល។ សូមក្មួយៗចងចាំថា ប្រទេសជាតិខ្លាំងដោយសារធនធានមនុស្សមានគុណភាព ហើយបើស្រឡាញ់ខ្លួន ស្រឡាញ់ឪពុកម្តាយ និងចង់បានអនាគតរុងរឿង គឺត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន និងអបាយមុខ គ្រប់រូបភាព។

ទី១១៖ គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន សង្គមស៊ីវិល អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពង្រឹងមូលធន មនុស្សនៅកម្ពុជា។

ទី១២៖ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋនិងឯកជន និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់សូមបន្តជួយផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ អំពីយុទ្ធនាការប្រមូលកុមារចូលរៀន និងសារៈសំខាន់នៃការអប់រំ ជាពិសេសការផលិតកម្មវិធីអប់រំ និងវីដេអូបង្រៀន ដើម្បីឱ្យសេវាអប់រំកាន់តែគ្របដណ្តប់ទៅគ្រប់ទីកន្លែង គ្រប់ពេលវេលា និងស្របទៅនឹងទស្សនាទាននៃការអប់រំពេញមួយជីវិត។

បន្ថែមពីនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ ព្រះសង្ឃគ្រប់ ព្រះអង្គ បងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ព្រមទាំងដៃគូអភិវឌ្ឍវិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងសប្បុរសជននានា ដែលតែងតែគាំទ្រនិងរួមចំណែកក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ឱ្យមានដំណើរការរីកចម្រើនគួរជាទីមោទនៈ ក្នុងរយៈកាលកន្លងមកនេះ និងសូម បន្តជួយឧបត្ថម្ភគាំទ្រនិងផ្តល់នូវកិច្ចសហការល្អតទៅទៀត ដើម្បីបុព្វហេតុនៃការអភិវឌ្ឍកុមារនិងយុវជនកម្ពុជា គ្រប់ៗរូប៕










 

Powered by Blogger.