ភ្នំពេញ ៖ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើកិច្ចការងារដោះមីនមនុស្សធម៌ នៃប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំលើកទី២ តាមប្រព័ន្ធ VTC ដើម្បីបន្តពិភាក្សា ក្នុងការរៀបចំបង្កើត និយាមនីតិវិធីប្រតិបត្តិ (SOP) របស់ក្រុមការងារ សម្របសម្រួលចម្រុះ (JCTF) បន្ទាប់ពីភាគីទាំងពីរ បានផ្លាស់ប្តូរកែសម្រួល លើឯកសារនេះ ចំនួន២លើករួចមកហើយ ។
លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យ
ក្រសួងការពារជាតិ កម្ពុជា មានប្រសាសន៍ថា ការរៀបចំឱ្យមាននិយាមនីតិវិធី ប្រតិបត្តិ (SOP)
នេះដើម្បីធានាបាន នូវបែបបទការងារមួយ ដែលមានស្តង់ដារ
ព្រមទាំងធានាបាននូវអធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក
ជាពិសេសកិច្ចការងារនេះ នឹងចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម
និងការពារអាយុជីវិត របស់ប្រជាពលរដ្ឋ នៅតំបន់ដែលទទួលរងផលប៉ះពាល់ ដោយសារគ្រាប់មីន
ដែលបន្សល់ទុកពីសង្គ្រាម។
គួររំលឹកផងដែរថា ក្រុមការងារសម្របសម្រួល
ចម្រុះ (JCTF)
កម្ពុជា-ថៃ ត្រូវបានបង្កើតឡើងស្រប តាមលទ្ធផល
នៃកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែន ទូទៅ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង នៃទឹកដីកម្ពុជា ៕

