អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លាលែងពីតំណែង ក្រោយរងការចោទប្រកាន់ ជាប់ពាក់ព័ន្ធបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

បាងកក៖ កាលពីថ្ងៃពុធ ទី២២ ខែតុលា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុនៃប្រទេសថៃ បានប្រកាសថា លោកនឹងលាលែងចេញពីតំណែង ក្រោយរងរងការចោទប្រកាន់​ ដែលទាញភ្ជាប់រូបលោក ជាមួយបណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ក្រុមបក្សប្រឆាំងបានចោទថា អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុថៃ លោក Vorapak Tanyawong និងភរិយារបស់លោក គឺស្ថិតក្នុងចំណោម​អ្នកនយោបាយថៃមួយចំនួន ដែលមានជាប់ពាក់ព័ន្ធនឹងបណ្តាញឧក្រិដ្ឋជន ដែលរកស៊ី លាងលុយសម្រាប់បម្រើដល់ប្រតិបត្តិការ​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងតំបន់។

លោក Vorapak បានច្រានចោលការចោទប្រកាន់នេះ ប៉ុន្តែបាននិយាយថា លោកនឹងលាលែងពីតំណែង ដើម្បីឱ្យរដ្ឋាភិបាល អាច​បន្តដឹកនាំប្រទេសដោយរលូន កុំឱ្យមានឧបសគ្គរារាំងដោយសារតែរឿងរបស់លោក។ លោក Vorapak បានអះអាងថា រូបលោកមានភាពស្អាតស្អំ ហើយនឹងចាត់វិធានការតាមផ្លូវច្បាប់ ប្រឆាំងជនទាំងឡាយដែលបំភ្លៃការពិត និងចែកចាយព័ត៌មានក្លែងក្លាយ។

សូមជម្រាបថា លោក Vorapak ក្លាយជាមន្រ្តីដំបូងគេនៅក្នុងគណៈរដ្ឋមន្រ្តី របស់លោកនាយករដ្ឋមន្រ្តី Anutin Charnvirakul ដែលបានលាលែងចេញពីតំណែង ក្រោយចូលកាន់តួនាទីបានត្រឹមប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ៕



 

Powered by Blogger.