រុស្ស៉ី ព្រមានពីភាពតានតឹងថែមទៀត បើអាមេរិកយល់ព្រមលើការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅអ៊ុយក្រែន
មូស្គូ៖ រុស្ស៉ីនិយាយថា យោធារបស់ខ្លួនបាននិងកំពុងវិភាគថាតើសហរដ្ឋអាមេរិក អាចបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ទៅឱ្យអ៊ុយក្រែនឬអត់ សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៉ី ដែលជាជំហានមួយនឹងធ្វើឱ្យភាពតានតឹងកាន់ស៊ីជម្រៅ។
កាលពីថ្ងៃអាទិត្យ អនុប្រធានាធិបតីអាមេរិក លោក JD
Vance បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណា
លើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីល Tomahawk។
នៅពេលត្រូវបានសួរពីការអត្ថាធិប្បាយនោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry
Peskov បញ្ជាក់ថា «សំណួរ
គឺថាតើនរណាជាអ្នកបញ្ជូនមីស៊ីល? តើទាហានអ៊ុយក្រែនចេះបាញ់
ឬត្រូវការឱ្យទាហានអាមេរិកមកជួយ?»។ សម្រាប់វិមានក្រឹមឡាំង
ហានិភ័យដែលថាសហរដ្ឋអាមេរិក ពាក់ព័ន្ធក្នុងការវាយប្រហារចូលទឹកដីរុស្ស៉ី
នឹងស្តែងចេញយ៉ាងច្បាស់បើមានការធ្វើដូច្នោះមែន។ ពីមុនលោក ពូទីន ធ្លាប់ព្រមានថា
រុស្ស៉ីរក្សាសិទ្ធិក្នុងការវាយប្រហារទីតាំងយោធា
នៅក្នុងប្រទេសដែលអនុញ្ញាតឱ្យអ៊ុយក្រែន
ប្រើប្រាស់មីស៉ីលរបស់ពួកគេដើម្បីវាយប្រហារចូលទឹកដីរុស្ស៉ី។
សូមជម្រាបថា មីស៊ីល Tomahawks
អាចបាញ់បានចម្ងាយ ២ ៥០០គីឡូម៉ែត្រ ងាយនឹងវាយប្រហារទីក្រុងមូស្គូ
និងតំបន់ភាគច្រើននៃអឺរ៉ុបរុស្ស៉ី ប្រសិនវាបើត្រូវបានបាញ់ចេញពីអ៊ុយក្រែន។
យ៉ាងនេះក្តី គេមិនទាន់ប្រាកដទេ ថាតើអាចនឹងមានការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយនេះ
ទៅអ៊ុយក្រែនឬយ៉ាងណា៕ (ប្រភព៖ Reuters)

Post a Comment