អភិបាលស្រុកតាំងគោក ដឹកនាំមន្ត្រីជំនាញចុះពិនិត្យស្ថានភាពដំណាំដំឡូងរបស់កសិករដែលរងផលប៉ះពាល់ដោយសារទឹកភ្លៀង
ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពដំណាំដំឡូងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកតាំងគោក ដែលបានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ដែលធ្វើកន្លែងខ្លះដំណាំដំឡូងរបស់ប្រជាពលរដ្ឋត្រូវបានខូចខាត។
ក្នុងឱកាសចុះពិនិត្យលោក ហាក់ ម៉ុងហួត
ក៏បានជំរុញឲ្យអាជ្ញាធរភូមិ ឃុំ
ត្រូវមានភាពម្ចាស់ការក្នុងពេលមានគ្រោះមហន្តរាយធម្មជាតិកើតមានក្នុងភូមិសាស្ត្រខ្លួន
ដោយធ្វើយ៉ាងណាកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ
ដោយត្រូវប្រើប្រាស់គ្រប់វិធានការចាំបាច់នានា
ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
លោកអភិបាលស្រុក ក៏បានណែនាំដល់អាជ្ញាធរ
និងមន្ត្រីជំនាញពាក់ព័ន្ធត្រូវរួមសហការគ្នាធ្វើការវាយតម្លៃពីផលប៉ះពាល់
និងការខូចខាតដំណាំដំឡូងមីដោយសារទឹកភ្លៀងនេះឲ្យបានច្បាស់លាស់ និងលើកផែនការជាក់លាក់
ដើម្បីជាវិធានការជួយដល់ប្រជាពលរដ្ឋ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការងារជួសជុលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន
និងដំណាំស្រូវឲ្យបានទាន់ពេលវេលា និងឆាប់រហ័ស ។
ក្នុងឱកាសនោះ
លោកបានសំណូមពរឲ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបន្តបង្កើនការប្រុងប្រយ័ត្នពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ
ដោយត្រូវត្រៀមឆ្លើយតបជាប្រចាំ ជាពិសេសទីតាំងដែលងាយរងការទឹកលិច។ ម៉្យាងទៀត
ត្រូវយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាពអនាម័យរបស់ប្រជាពលរដ្ឋ
ព្រមទាំងធ្វើការណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសសំខាន់កុមារតូចៗ
និងសិស្សធ្វើដំណើរទៅកាន់សាលារៀន ហើយនៅពេលជួបនូវបញ្ហាសុខភាព ឬសត្វអសិរពិសខាំ
ត្រូវប្រញាប់បញ្ជូនទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកឲ្យបានទាន់ពេលវេលា៕











Post a Comment