ចិន និងសហរដ្ឋអាមេរិកឈានដល់គំនិតឯកភាពជាក្របខ័ណ្ឌមូលដ្ឋានស្តីពីការដោះស្រាយបញ្ហា TikTok ឱ្យបានសមរម្យ

បរទេស៖ យប់ថ្ងៃទី១៥ ខែកញ្ញា  លោក Li Chenggang តំណាងការចរចារពាណិជ្ជកម្មអន្តរជាតិចិន និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា  ប្រទេសចិន និងសហរដ្ឋអាមេរិកបានឈានដល់គំនិតឯកភាពជាក្របខ័ណ្ឌមូលដ្ឋានស្តីពីការដោះស្រាយបញ្ហា TikTok ឱ្យបានសមរម្យតាមរយៈកិច្ចសហប្រតិបត្តិការ ព្រមទាំងការកាត់បន្ថយឧបសគ្គផ្នែកវិនិយោគ និងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មពាក់ព័ន្ធជាដើម។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែកញ្ញា តាមម៉ោងក្នុងតំបន់ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន និងអាមេរិកបានជួបពិភាក្សាការងារនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញ។នៅក្នុងសន្និសីទសារព័ត៌មានដែលធ្វើឡើងដោយគណៈប្រតិភូចិនបន្ទាប់ពីកិច្ចជំនួប លោក Li Chenggang បានថ្លែងថា ក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះ ប្រទេសចិន និងសហរដ្ឋអាមេរិកបានអនុវត្តយ៉ាងសកម្មនូវគំនិតឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ព្រមទាំងប្រើប្រាស់យ៉ាងពេញលេញនូវតួនាទីនៃយន្តការពិគ្រោះពិភាក្សាខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិននិងអាមេរិក ដែលបានធ្វើការប្រាស្រ័យទាក់ទងគ្នាដោយស្មោះត្រង់ ស៊ីជម្រៅ និងមានលក្ខណៈស្ថាបនាក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលភាគីទាំងពីរយកចិត្តទុកដាក់ដូចគ្នាដូចជាបញ្ហា TikTok ជាដើមដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងការពិគ្រោះពិភាក្សាដោយស្មើភាព។

ទាក់ទងនឹងបញ្ហា TikTok លោក Li Chenggang បានថ្លែងថា ចិនប្រឆាំងជានិច្ចចំពោះការធ្វើឱ្យបញ្ហាបច្ចេកវិទ្យានិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយ ឧបករណ៍ និងសព្វាវុធ ហើយនឹងមិនស្វែងរកការឈានដល់កិច្ចព្រមព្រៀងណាមួយដោយត្រូវបង់តម្លៃពីការលះបង់គោលជំហរជាគោលការណ៍ ផលប្រយោជន៍ក្រុមហ៊ុន ឬយុត្តិធម៌អន្តរជាតិនោះឡើយ ៕



Powered by Blogger.