ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ៖ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូន ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចុះពិនិត្យទីតាំងជាក់ស្តែង ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ
នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា « ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា
បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ
វរសេនីយ៍ឯក Mohd Farid Bin Mohd Yusop ប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល
ទីស្នាក់ការ២ ប្រចាំខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង
ក្រោយបទឈប់បាញ់ នៅច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់
និងរាយការណ៍»។
សូមរំលឹកថា ក្រសួងការពារជាតិ នៃកម្ពុជា
បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីកម្ពុជា
-ថៃ បានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥
នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ
និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ។
ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ
(GBC)
និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់
ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ
នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕
Post a Comment