កម្ពុជា-ចិនរៀបចំបាឋកថាស្តីពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានរៀបចំកម្មវិធីបាឋកថាឈ្វេងយល់ពី«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ក្រោមកិច្ចសហការរវាងវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ដោយមានវាគ្មិនកម្ពុជាចំនួន៥រូប និងវាគ្មិនចិនចំនួន២រូប ព្រមទាំងអ្នកចូលរួមសរុបចំនួន៨០នាក់ដែលអញ្ជើញមកពីទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ និងនិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក Feng Hui អ្នកទទួលខុសត្រូវវិទ្យុមិត្តភាពកម្ពុជា-ចិន បានជម្រាបពីសាវតារ នៃ«គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ដែលត្រូវបានផ្តួចផ្តើមដោយលោក Xi Jinping ប្រធានរដ្ឋចិនកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងឱកាសនៃកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋនៃបណ្តារដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ។
លោកស្រី Wang Yahui ប្រធានការិយាល័យមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រចាំកម្ពុជាបានរំលេចថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» បង្កប់នូវអត្ថន័យចំនួន៥គឺ ១-ប្រកាន់ខ្ជាប់នូវសមភាពនៃអធិបតេយ្យភាព ២-គោរពនីតិរដ្ឋអន្តរជាតិ ៣-គាំទ្រដល់ប្រព័ន្ធពហុភាគីនិយម ៤-បន្តតម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព និង ៥-បង្កើនការអនុវត្តនូវសកម្មភាពជាក់ស្តែងដោយឈរលើការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តម ឡៅ ម៉េង អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ប្រៀបដូចជាខែលការពារដ៏សំខាន់ដល់គំនិតផ្តួចផ្តើមទាំងអស់ដែលបានផ្តួចផ្តើមដោយប្រទេសចិន និងរួមជាមួយប្រទេសចិននៅក្នុងការអនុវត្តពីប្រទេសនានាដើម្បីកំណើននិងការអភិវឌ្ឍ។
ឯកឧត្តម ដួង វិរ័ត្ន អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ប្រៀបដូចជាកង់មួយ ក្នុងចំណោមកង់ទាំង៤ នៃគំនិតផ្តួចផ្តើមសកល ដែលបានផ្តួចផ្តើមដោយលោកប្រធានរដ្ឋចិន គឺ ១-អភិវឌ្ឍសកល ២-សន្តិសុខសកល ៣-អរិយធម៌សកល និងទី៤គឺ អភិបាលកិច្ចសកលនេះ ដែលនឹងនាំតួនៃរថយន្តគឺជាកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិទៅកាន់វិបុលភាព។
ឯកឧត្តមបណ្ឌិត ហៀង សុធារ៉ា ទីប្រឹក្សាក្រសួងសាធារណការនិងដឹកជញ្ជូនបានថ្លែងថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ជាបុរេលក្ខខណ្ឌដោយធានាឬសគល់ មធ្យោយបាយជាមូលដ្ឋាន គុណតម្លៃ គោលការណ៍ដ៏សំខាន់របស់ប្រទេសនីមួយៗរួមគ្នាបន្តដំណើរលើមាគ៌ាសន្តិភាពពិភពលោកដោយគោរពយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តប្រកបដោយស័ក្តសិទ្ធិភាពនូវរាល់ខ្លឹមសារដែលមានចែងនៅក្នុងធម្មនុញ្ញនិងគោលការណ៍របស់អង្គការសហប្រជាជាតិ។
លោកបណ្ឌិត នាក់ ចន្តារិទ្ធ ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ បានថ្លែងថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» សម្រេចបាននូវការបង្កើនសម្លេងពហុប៉ូលភាវូបនីយកម្មប្រកបដោយសមភាព និងពោរពេញដោយរបៀបរៀបរយក្នុងចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាបន្ន។
លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា បានគូសរំលេចថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» ជួយផ្តល់ទឡ្ហីករណ៍ដល់ប្រទេសចិនក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសន្តិភាពដោយមិនមែនក្នុងនាមជាអ្នកចម្បាំងដោយប្រើនាវាចម្បាំង កាំភ្លើង ឬដាវ នោះប្រជាជាតិចិនត្រូវបានប្រវត្តិវិទូពិភពលោកកត់ត្រាទុកក្នុងនាមជាបេសកជននៃមិត្តភាពដែលប្រើប្រាស់ក្បួនអូដ្ឋ និងនាវាផ្ទុករតនសម្បត្តិ។ ពីមួយជំនាន់ទៅមួយជំនាន់ អ្នកធ្វើដំណើរលើផ្លូវសូត្របានកសាងបង្កើតជាស្ពានសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងបូព៌ាប្រទេស និងបស្ចិមប្រទេស ដែលតាមរយៈនេះ ប្រទេសចិននាពេលបច្ចុប្បន្នបានបន្តដំណើរពីការផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសជាង១៦០ ដល់ការពង្រីកការបើកទូលាយប្រកបដោយកម្រិតខ្ពស់តាមរយៈវេទិកានានាដូចជា ពិព័រណ៍នាំចូលចិនអន្តរជាតិ និងពិព័រណ៍ជំរុញខ្សែសង្វាក់ផ្គត់ផ្គង់ចិនអន្តរជាតិ ស្របពេលដែលសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រទេសចិនក៏ធ្វើកិច្ចខិតខំប្រឹងប្រែងក្នុងការទទួលការអភិវឌ្ឍរួមគ្នាជាមួយបណ្តាប្រទេសនានាផងដែរ។
ក្រោយពីបានស្តាប់យ៉ាងយកចិត្តទុកដាក់ពីវាគ្មិនដែលបានថ្លែងក្នុងបាឋកថានេះ ក្នុងនាមអ្នកចូលរួម លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃអគ្គលេខាធិការព្រឹទ្ធសភា បានសន្និដ្ឋានថា «គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល» នឹងបង្កើនសម្លេងកាន់តែខ្លាំងនៃស្មារតីផ្លូវសូត្របុរាណកាលពីជាង២០០០ ឆ្នាំ និងបានពង្រីកវិសាលភាពនៃស្មារតីឌុងកាលពី៧០ឆ្នាំមុន ហើយសច្ចារួមគ្នាជំរុញទំនើបកម្មពិភពលោកក្នុងការត្រួសត្រាយអនាគតកាន់តែល្អប្រសើរសម្រាប់មនុស្សជាតិក្រោមម្លប់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
Post a Comment