អាជ្ញាធរស៊ើបអង្កេតអាមេរិក រកឃេីញអាវុធ និងបញ្ចេញរូបថតបុគ្គលគួរឱ្យសង្ស័យ ក្នុងករណីបាញ់សម្លាប់មនុស្សជំនិតរបស់លោក ត្រាំ Charlie Kirk

វ៉ាស៊ីនតោន៖ ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ចេញរូបភាពបុគ្គលគួរឱ្យសង្ស័យក្នុងករណីបាញ់សម្លាប់ លោក Charlie Kirk ដែលត្រូវបានគេស្គាល់ថាជាសកម្មជនដ៏លេចធ្លោ និងជាមនុស្សជំនិតម្នាក់របស់លោក ត្រាំ ហេីយក៏បានរកឃើញកាំភ្លើងមួយដេីមផងដែរ។

លោក Kirk អាយុ ៣១ឆ្នាំ គឺជាអ្នករៀបចំ និងជួយដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់ លោក ត្រាំ ឱ្យទទួលបានជោគជ័យ។ លោកត្រូវគេសម្លាប់ដោយបាញ់កាំភ្លេីងតែមួយគ្រាប់ អំឡុងពេលថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ ក្នុង រដ្ឋ Utah កាលពីថ្ងៃពុធ ដែលលោក ត្រាំ ចាត់ទុកថាជាទង្វេីធ្វើឃាតដ៏សាហាវ។

ក្រុមអ្នកស៉េីបអង្កេត មិនទាន់បញ្ចេញពីហេតុផលណាមួយនៃការធ្វេីឃាតនេះទេ ប៉ុន្តែលោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា វាអាចជាការជំរុញទឹកចិត្តឱ្យឃាតករធ្វេីសកម្មភាព។ លោក ត្រាំ ថ្លែងថា «យើង នឹងប្រាប់អ្នកពីរឿងនោះនៅពេលក្រោយ។ មានការរីក ចម្រើនធំក្នុងការស៉េីបអង្កេត»

តាមប៉ូលិស FBI និងមន្រ្តីរដ្ឋ ឃាតករមកដល់បរិវេណសាលាពីរទៅបីនាទី មុនពេលព្រឹត្តិការណ៍ជជែកដេញដោលដែលដឹកនាំដោយ​លោក Kirk ចាប់ផ្តេីម។ ព្រឹត្តការណ៍នោះមានចំណងជើងថា Prove Me Wrong រៀបចំនៅទីធ្លាខាងក្រៅ ចំពោះមុខមនុស្ស ៣ ០០០នាក់នៅសាកលវិទ្យាល័យ Utah Valley ទីក្រុង Orem រដ្ឋ Utah

លោក Robert Bohls ភ្នាក់ងារពិសេសរបស់ FBI ទទួលបន្ទុករឿងក្តីនេះនិយាយថា ខ្មាន់កាំភ្លើងបានលោតពីលើដំបូល ហើយរត់ចូលទៅក្នុងសង្កាត់ដែលនៅជាប់គ្នានោះ។ ក្រុមអ្នកស៊ើបអង្កេត ក៏បានរកឃើញកាំភ្លើងវែងមួយដេីមនៅក្នុងគុម្ពឈើក្បែរនោះ ហើយកំពុងពិនិត្យស្នាមក្រយៅដៃ និងតម្រុយផ្សេងទៀត៕ (ប្រភព៖ Reuters)



 


Powered by Blogger.