ក្រសួងការពារជាតិ ៖ ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានមកលើអធិបតេយ្យកម្ពុជា
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា ការយកច្បាប់អាជ្ញាសឹក និងច្បាប់ក្នុងស្រុករបស់ថៃ មកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន
របស់អ្នកនាំពាក្យក្រសួងការពារជាតិ ស្ដីពី «អំពើហិង្សានៅភូមិព្រៃចាន់
ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ» នៅយប់ថ្ងៃទី១៧
ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
បានឱ្យដឹងថា កងកម្លាំងចម្រុះរបស់ភាគីថៃ រួមមានកម្លាំងតម្រួតព្រំដែន ទាហានប៉ារ៉ា
ទាហានឈុតខ្មៅ នគរបាល និងប្រជាពលរដ្ឋស្រុកគោកធ្យូង ចំនួនប្រហែល៣០០នាក់ មានអាវុធគ្រប់ដៃ
និងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតុកម្ម ខ្លះទៀតមានកាន់ ជំពាមកៅស៊ូ
បានចូលមកធ្វើសកម្មភាពរាយបន្លាលួស នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ លុះដល់ម៉ោង១៦:២០នាទី ថ្ងៃខែឆ្នាំដដែល
កម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់ រថយន្តបំពាក់ឧបករណ៍បំពងសំឡេង
និងកាំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំង និងប្រជាពល រដ្ឋកម្ពុជា។
លោកស្រី ឧត្តមសេនីយ៍ឯក បន្ដថា
ក្រោយពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី
បានចុះ សង្កេតការណ៍ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដើម្បីសង្កេត
ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែន នៅវេលាម៉ោង ១៣:៥៧នាទីរសៀល
ហើយទើបតែបានចាកចេញពីទីតាំងនោះមិន បានប៉ុន្មាននាទីផង។ នៅក្នុងហេតុការណ៍នេះផងដែរ
កងកម្លាំងយោធា និងក្រុមប៉ូលីសបង្ក្រាបបាតុកម្ម
របស់ថៃបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀក និងប្រព័ន្ធខួរក្បាល ព្រមទាំងបានបង្ក
អំពើហិង្សាទៅលើប្រជាពលរដ្ឋខ្មែរ ដោយបានប្រើប្រាស់ឧបករណ៍បង្ក្រាបបាតុកម្ម
និងបាញ់ជំពាមកៅស៊ូ គ្រាប់ឃ្លីដែលបណ្តាលឱ្យមានប្រជាពលរដ្ឋ និងព្រះសង្ឃយើងចំនួន
២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
លោកស្រី ឧត្តមសេនីយ៍ឯក បន្ថែមថា នៅវេលាម៉ោង
១៩:២២នាទីយប់ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ី
បានចុះទៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យម្តងទៀត
ដើម្បីពិនិត្យទីកន្លែង នៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ។
ទង្វើរបស់កងកម្លាំងចម្រុះរបស់ភាគីថៃ គឺជាការរំលោភ
បំពានយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃបទឈប់បាញ់ និងគោលការណ៍ទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា
នៅក្នុងកិច្ចប្រជុំGBCនិងRBCទាំងអស់កន្លងមក។
លោកស្រី ឧត្តមសេនីយ៍ឯក ថា « ជាងនេះទៅទៀត
ការយកច្បាប់អាជ្ញាសឹកនិងច្បាប់ក្នុងស្រុករបស់ថៃមកអនុវត្តក្នុងដែនអធិបតេយ្យរបស់កម្ពុជា
គឺជាការបំពានយ៉ាងធ្ងន់ធ្ងរមកលើអធិបតេយ្យកម្ពុជា និងច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ
ធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
និងគោលការណ៍ច្បាប់ដែលទទួលស្គាល់ជាសកលដទៃទៀត»។
ក្រសួងការពារជាតិ កម្ពុជា បញ្ជាក់ផងដែរថា
នៅចំពោះមុខទង្វើហិង្សានិងខុសច្បាប់ របស់ភាគីថៃ បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ដី
និងបងប្អូនប្រជាពលរដ្ឋដទៃទៀតបានរួមគ្នាតវ៉ា និងឆ្លើយ តបដោយសន្តិវិធី
ដែលសកម្មភាពទាំងនេះស្តែងចេញពីការព្រួយបារម្ភរបស់ពួកគាត់ ចំពោះផលប៉ះពាល់
និងការគំរាមកំហែងនៃការរាយលួសបន្លា
និងការប្រើប្រាស់កម្លាំងដោយឯកតោភាគីរបស់កងទ័ពថៃមកលើ ដែនអធិបតេយ្យរបស់កម្ពុជា
ព្រមទាំងទ្រព្យសម្បតិ្តស្របច្បាប់ដែលពួកគាត់បានគ្រប់គ្រង និងអាស្រ័យផល
ជាច្រើនឆ្នាំមកហើយ៕
Post a Comment