បទវិភាគ​៖ ​វិភាគពី​កាលានុវត្តភាពថ្មីនៃ​ការបើកទូលាយ​របស់ចិន​តាមរយៈ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិ​

បរទេស៖ ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិឆ្នាំ២០២៥ដែលបិទបញ្ចប់កាលពី​ថ្ងៃទី១៤ខែកញ្ញា ​លោក Daniel ​Boyer ​អនុប្រធាន​ប្រតិបត្តិនៃ​គណៈកម្មាធិការ​ពាណិជ្ជកម្មនិង​វិនិយោគ​អូស្ត្រាលីដែល​បានចូលរួម​ពិព័រណ៍នេះ​ជាច្រើនលើកបាន​ថ្លែងថា ​ពិព័រណ៍​ដ៏អស្ចារ្យ​លើកនេះ​ធ្វើឱ្យលោក​មាន​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង ​ដោយសារ​សេវាកម្មជា​ “កម្លាំងជំរុញ​ដែលមិនអាច​ខ្វះបានក្នុង​ការអភិវឌ្ឍ​ទំនាក់ទំនងរវាង​អូស្ត្រាលីនិងចិន” ។

បច្ចុប្បន្ននេះ ​ពាណិជ្ជកម្ម​សេវាកម្មបាន​ក្លាយជា​ក្បាល​ម៉ាស៊ីនថ្មី​សម្រាប់កំណើន​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម​ទូទាំងពិភពលោក ។ ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិ​លើកនេះ​បានទាក់ទាញ​ប្រទេសនិង​អង្គការអន្តរជាតិ​ចំនួន៨៥ចូលរួម ​ហើយ​ក្រុមហ៊ុន​លំដាប់កំពូល​ទាំង៥០០​និងសហគ្រាស​នាំមុខលើ​ពិភពលោក​ចំនួនជិត៥រយ​សហគ្រាស​បានចូលរួម​ពិព័រណ៍លើកនេះ​ ដែលបាន​ឈានដល់​សមិទ្ធផល​លើសពី៩រយ ​។ ក្នុងនោះ ​ក្នុងនាមជា​ប្រទេស​ភ្ញៀវកិត្តិយស​ អូស្ត្រាលី​បានរៀបចំ​គណៈប្រតិភូ​ធំបំផុត​តាំងពីបាន​ចូលរួម​ពិព័រណ៍នេះ​​ ។​ លោក​ Dominic ​Trindade ​អគ្គទីប្រឹក្សា​ពាណិជ្ជកម្មនៃ​ស្ថានទូតអូស្ត្រាលី​ប្រចាំនៅ​ចិនបាន​ថ្លែងថា ​ក្នុងបរិបទដែល​ទូទាំង​ពិភពលោក​ពោរពេញទៅ​ដោយភាពមិន​ប្រាកដប្រជា ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិបាន​ជំរុញយ៉ាងខ្លាំង​នូវការផ្លាស់ប្តូរ​រវាងភាគី​នានា​ ក៏ដូចជា​ការផ្តល់​ផលប្រយោជន៍​ដល់គ្នាទៅវិញ​ទៅមកនិង​ឈ្នះ-ឈ្នះ​ ។ ​ក្រុម​មិត្តភក្តិដែល​ពង្រីកធំជា​បន្តបន្ទាប់បាន​បញ្ជាក់ពី​ពាក្យសម្តីរបស់​លោក Xi Jinping ​ប្រធានរដ្ឋចិន​ដែលបាន​ថ្លែងក្នុង​សារលិខិត​អបអរសាទរ​​ជូនចំពោះ​ពិព័រណ៍លើកនេះ​ ពោលគឺ​ចិននឹង​ពង្រីក​ការបើកទូលាយ​ចំពោះអន្តរជាតិ​ប្រកបដោយ​កម្រិតខ្ពស់ដោយ​មិនងាករេ ។

តាមទិន្នន័យ​បង្ហាញឱ្យដឹងថា ​នៅឆ្នាំ២០២៤​ ទំហំសរុបនៃ​ពាណិជ្ជកម្ម​សេវាកម្មរបស់ចិន​បានវាយទម្លុះ​១ទ្រីលានដុល្លារ​អាមេរិក​ជាលើកដំបូង​ ​ដែលបាន​បង្កើត​កំណត់ត្រាថ្មី ​និង​កាន់លំដាប់​ថ្នាក់ទីពីរ​លើទូទាំងពិភពលោក ។ ​

ក្នុងនោះ​ ទំហំពាណិជ្ជកម្ម​សេវាកម្ម​ផ្អែកលើ​ជំនាញ​ដែល​មាន​លក្ខណៈពិសេស​លើវិស័យ​ឌីជីថលនីយកម្ម ​ភាពវៃឆ្លាតនិង​ភាពបៃតង​បានកើនឡើង​៣៨ភាគរយ​បើប្រៀបធៀប​នឹងឆ្នាំ​២០២០ ​ប្រការនេះបាន​ធ្វើឱ្យ​ការច្នៃប្រឌិតថ្មី​ផ្នែកបច្ចេកវិទ្យា​ឌីជីថល​វៃឆ្លាត​ក្លាយជា​ពាក្យគន្លឹះនៃ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិលើកនេះ ។ 

លោកស្រី ​Yang ​Donglan ​អគ្គនាយករង​ប្រចាំតំបន់​ប្រទេសចិននៃ​ក្រុមហ៊ុន ​PHILIPS ​បានថ្លែងថា ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អភិវឌ្ឍន៍​ក្រុងប៉េកាំង​ដែល​ក្រុមហ៊ុន​ PHILIPS ​ជិត​នឹងដាក់ឱ្យប្រើប្រាស់ នឹង​ចាត់ទុក​បញ្ញាសិប្បនិម្មិត​ជាចំណុចសំខាន់​នៃការច្នៃប្រឌិតថ្មី ​រំពឹងថា ​អាច​ឆ្លៀតឱកាស​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័សនៃ​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​របស់ចិន​លើកកម្ពស់​សមត្ថភាព​ច្នៃប្រឌិតថ្មីរបស់​ក្រុមហ៊ុន ​PHILIPS ​ ។

សហគ្រាស​ទុនបរទេស​បន្ថែម​វិនិយោគនៅប្រទេសចិន ​គឺដោយមកពី​បាន​ផ្តោតសំខាន់​ទៅលើ​ទីផ្សារ​ធំធេងរបស់ចិន ​។ បច្ចុប្បន្ននេះ ​ចិនបាន​ក្លាយជាដៃ​គូពាណិជ្ជកម្ម​លំដាប់បី​លេខខាងមុខ​របស់ប្រទេស​និងតំបន់​ចំនួន១៥៧​ គឺជាប្រទេស​ពាណិជ្ជកម្ម​ទំនិញធំទីមួយ​និងប្រទេស​ពាណិជ្ជកម្ម​សេវាកម្មធំទីពីរ​នៅលើ​ពិភពលោក ។

ក្នុងពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិឆ្នាំនេះ ​ភាគីចិនបាន​ប្រកាស​វិធានការមួយ​ចំនួន ​ដែលបូករួមទាំង​ “ពន្លឿនការ​សាកល្បងនិង​ដំណើរការនៅ​តំបន់​ពាណិជ្ជកម្ម​សេរី​សាកល្បង​និង​តំបន់គំរូការអភិវឌ្ឍ​ច្នៃប្រឌិតថ្មីខាង​ពាណិជ្ជកម្ម​សេវាកម្មជាតិ”​ និង“ជំរុញ​ការបើកទូលាយទីផ្សារ​សេវាកម្ម​ដោយមាន​របៀបរៀបរយ ​ជំរុញការអភិវឌ្ឍ​ប្រកបដោយ​គុណភាពខ្ពស់​របស់​ពាណិជ្ជកម្ម​សេវាកម្ម”ជាដើម ​។ ប្រការទាំងនេះ​ធ្វើឱ្យ​សហគ្រាស​បរទេស​មាន​ជំនឿចិត្ត​ខាង​ការអភិវឌ្ឍ​កាន់តែ​ខ្លាំងឡើងៗ ។

ពីពិព័រណ៍​អន្តរជាតិចិន​សម្រាប់​វិនិយោគនិង​ពាណិជ្ជកម្ម​ ​ពិព័រណ៍​ពាណិជ្ជកម្ម​សេវាកម្ម​ចិន​អន្តរជាតិដែល​ទើបបិទបញ្ចប់​ ដល់ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ដែលនឹងបើកធ្វើ​នៅខែ​វិចិ្ឆកាខាង​មុខនេះ ​ពិព័រណ៍​អន្តរជាតិ​មួយចំនួន​បានបញ្ជាក់​យ៉ាង​ពេញលេញថា​ ការបើក​ទូលាយនិង​ធ្វើកិច្ចសហប្រតិបត្តិការ​​ជា​បំណងរួមរបស់​ប្រជាជន ​ហើយ​ឯកតោភាគីនិយម​និង​ការពារនិយម​គ្មានអនាគតទេ​ ។ ឆ្លងតាមរយៈ​ពិព័រណ៍ទាំងនេះ ​ពិភពលោក​មិនត្រឹមតែ​ឃើញភាពថ្មី​កាន់តែច្រើន​នៃសេដ្ឋកិច្ច​ចិនប៉ុណ្ណោះទេ​ ថែមទាំងក៏​បាន​ទទួល​អារម្មណ៍ពី​ការប្តេជ្ញាចិត្ត​របស់ចិនដែល​ចង់​ស្វែងរក​ការអភិវឌ្ឍ​រួមនិងកសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​ជាមួយពិភពលោក​ផងដែរ ៕





Powered by Blogger.