ក្រសួងបើកវេទិកាផ្គូរផ្គងធុរកិច្ច រវាងផ្នែកឯកជន និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងក្របខ័ណ្ឌបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ គ.ជ.អ.អ. អញ្ជើញជាអធិបតីបើកវេទិកាផ្គូរផ្គងធុរកិច្ច (Business Matching) រវាងផ្នែកឯកជន និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្នុងក្របខ័ណ្ឌបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ដោយមានការចូលរួមពី លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) លោក យុក សេងឡុង នាយកប្រតិបត្តិអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល ហៅកាត់ថា អង្គការ FACT និងជាអនុប្រធានអចិន្ត្រៃយ៍បណ្តាញ "TEN"។

កម្មវិធីនេះ មានការចូលរួមពីតំណាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ប្រមាណ ៥០ សហគមន៍ មកពីតំបន់បឹងទន្លេសាប និងតំបន់មេគង្គលើ និងតំបន់មួយចំនួនទៀត ព្រមទាំងផ្នែកឯកជន ជាក្រុមហ៊ុនទេសចរណ៍ ការីទេសចរណ៍ ប្រមាណ ២០ ក្រុមហ៊ុន និងអង្គការដៃគូជាតិ និងអន្តរជាតិ ប្រមាណ ១០ អង្គការ ផងដែរ។ 

នាឱកាសវេទិកានេះ ឯកឧត្តមបណ្ឌិត ជុក ជំនោរ បានជំរុញឱ្យសហគមន៍ទេសចរណ៍ ត្រូវបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែម ដើម្បីធ្វើឱ្យទេសចរណ៍សហគមន៍កាន់តែមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត។ ឯកឧត្តមបណ្ឌិត បានបន្តថា បឹងទន្លេសាប គឺជាតំបន់អេកូទេសចរណ៍ធម្មជាតិ ដែលមានសក្តានុពល និងមានសារៈសំខាន់ ហើយក្រសួងទេសចរណ៍ គឺរួមចំណែកយ៉ាងសំខាន់ក្នុងការគាំទ្រដល់វិស័យឯកជន សហគមន៍មូលដ្ឋាន និងអង្គការជាតិនិងអន្តរជាតិ ព្រមទាំងវិនិយោគិនទាំងអស់ ដូច្នេះវេទិកានេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីផ្គូរផ្គង។

ទន្ទឹមនឹងនេះ លោកជំទាវ ឆាយ ស៊ីវលីន បានលើកឡើងថា តំបន់សំខាន់ៗក្នុងខេត្តសៀមរាបដូចជា តំបន់អេកូទេសចរណ៍ កំពង់ភ្លុក និងចុងឃ្នៀស គួរតែមានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍បន្ថែមទៀត ក្រៅតែពីការធ្វើសំណើរទេសចរណ៍ ជាក់ស្តែងនៅចុងឃ្នៀសគួររៀបចំឱ្យមានសៀឃ្វី(វង់ទស្សនា) និងផ្សព្វផ្សាយសកម្មភាពសមញ្ញៗបន្ថែមទៀត ដូចជា៖ ការនេសាទ បង់សំណាញ់ ហើយដៃគូពាក់ព័ន្ធទាំងអស់គួរតែគាំទ្របន្ថែមទៀត ដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានភាពរស់រវើក និងទាក់ទាញភ្ញៀវទេសចណ៍ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ដោយឡែក លោក យុក សេងឡុង បានលើកឡើងថា យោងលើស្មារតីនៃវេទិកាលើកទី២ នៃបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប ថ្ងៃនេះ គឺជាឱកាសដ៏ល្អសម្រាប់ការជួបជុំជជែកពិភាក្សា ផ្គូរផ្គងរវាង វិស័យឯកជន និងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ព្រមទាំងត្រៀមក្នុងការរៀបចំវេទិកាជាតិលើកទី៣ និងការលើកកម្ពស់វិស័យទេចរណ៍ និងអេកូទេសចរណ៍ ដើម្បីលើកកម្ពស់កំរិតជីវភាពសហគមន៍មូលដ្ឋាន ជាពិសេស សហគមន៍នេសាទជុំវិញបឹងទន្លេសាប ដើម្បីកាត់បន្ថយការនេសាទលើសកម្រិត។

ជាលទ្ធផលនៃអង្គវេទិកា សហគមន៍ទេសចរណ៍  និងអេកូទេសចរណ៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ផ្នែកឯកជន និងអង្គការជាតិ និងអន្តរជាតិ ដែលបានរៀបចំជំនួបនេះឡើង ដោយអនុញ្ញាតឱ្យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានភ្ជាប់ទំនាក់ទំនងបង្កើតទីផ្សារ ជាមួយវិស័យឯកជន ក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចនាំភ្ញៀវទៅកាន់តំបន់សហគមន៍ ខណះដែលវិស័យឯកជនក៏អាចស្វែងយល់កាន់តែច្បាស់អំពីការរៀបចំផលិតផលទេសចរណ៍ និងកញ្ចប់ទស្សនកិច្ច ក៏ដូចជាការផ្តល់អនុសាសន៍មួយចំនួនក្នុងការកែលម្អការរៀបចំសេវាកម្មក្នុងសហគមន៍ ជាដើម៕












Powered by Blogger.