រដ្ឋមន្ត្រីទេសចរណ៍ ៖ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដ៏សំខាន់

ម៉ាឡេស៊ី៖ នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងសន្និសិទទេសចរណ៍ពិភពលោក, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន មានជំនួបទ្វេភាគី នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ នាទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

កិច្ចពិភាក្សាបានផ្តោតលើតួនាទី និងការចូលរួមរបស់កម្ពុជា នៅក្នុងការអភិវឌ្ឍវិស័យទេសចរណ៍អាស៊ានដែលសម្រេចបាននាពេលកន្លងមក, ការជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តភាព, ការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មនៅក្នុងវិស័យទេសចរណ៍ និងការបង្កើនគុណភាពទេសចរណ៍នៅក្នុងតំបន់។

រដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់អំពី កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍ គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមួយដ៏សំខាន់។ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចជូន លោកបណ្ឌិតអគ្គលេខាធិការបានជ្រាបថា នៅមុនជំនួបនេះប៉ុន្មានម៉ោង (ថ្ងៃទី២៧ ខែកញ្ញា) ដោយយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា មានករណីផ្ទុះអាវុធដែលចាប់ផ្តើមពីយោធាថៃ មកលើទីតាំងកងកម្លាំងកម្ពុជានៅតំបន់អានសេះ ចំនួន ២លើក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នៅក្នុងហេតុការណ៍នេះ កងកម្លាំងកម្ពុជា មិនបានតបតឡើយ និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលចូលជាធរមាននៅម៉ោង ២៤:០០ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានពេញលេញ និងខ្ជាប់ខ្ជួន។ ភាគីកម្ពុជាបានអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឺងម៉ាត់ដូចគ្នាដោយស្មារតីស្ថាបនា និងស្មោះត្រង់។

ចំពោះការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍, តបតាមការស្នើសុំរបស់កម្ពុជា លេខាធិការដ្ឋានអាស៊ាននឹងបន្តកិច្ចសហការជិតស្និទ្ធ និងគាំទ្រកម្ពុជាលើគំនិតផ្តួចផ្តើមមួយចំនួនដូចជា ការរៀបចំគោលការណ៍ណែនាំអាស៊ានពាក់ព័ន្ធនឹងអក្ខរកម្មឌីជីថលក្នុងវិស័យទេសចរណ៍, ធុរកិច្ចទេសចរណ៍បៃតង, មូលនិធិទេសចរណ៍បៃតងអាស៊ាន, គោលការណ៍ណែនាំអនាម័យនិងសុវត្ថិភាព និងជំរុញកិច្ចសហការជាមួយដៃគូរអាស៊ានក្នុងការលើកកម្ពស់ទេសចរណ៍ប្រកបដោយនិរន្តរភាព និងទទួលខុសត្រូវ៕







 

Powered by Blogger.