ក្រសួងការពារជាតិ បដិសេធសារព័ត៌មានថៃ ផ្សាយថា «កម្ពុជា បានចល័តទ័ព និងសព្វាវុធ»
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធ ចំពោះសារព័ត៌មានរបស់ថៃមួយចំនួន បានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន» ។ នេះបើយោងតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា។
ក្រសួងការពារជាតិ កម្ពុជា
បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា ៖ នៅថ្ងៃទី២៦
ខែកញ្ញា ឆ្នាំ២០២៥ មានបណ្តាញសង្គម និងសារព័ត៌មានរបស់ថៃ មួយចំនួនបានចុះផ្សាយថា «កម្ពុជាបានចល័តទ័ព និងសព្វាវុធ ដោយភ្ជាប់ជាមួយនឹងរូបភាពមួយចំនួន»។
ក្រសួងការពារជាតិ បានធ្វើការបដិសេធ
និងសូមគូសបញ្ជាក់នូវការពិតថា៖
១. ការលើកឡើងរបស់បណ្តាញសង្គម
និងសារព័ត៌មានថៃមួយចំនួនខាងលើ មិនមែនជាការពិតទេ
២. ចំពោះរូបភាពដែលបណ្តាញសង្គម និងសារព័ត៌មានថៃ
បានយកទៅផ្សព្វផ្សាយនោះ គឺជារូបភាពចាស់ ៗ ដែលមិនមែនជារូបភាពក្នុងថ្ងៃនេះនោះទេ
៣.
កងកម្លាំងរបស់កម្ពុជាមិនបានធ្វើសកម្មភាពបង្កហេតុ ឬធ្វើសកម្មភាពណាមួយដែលរំលោភបំពានលើ
កិច្ចព្រមព្រៀងបទឈប់បាញ់ ដូចការលើកឡើងរបស់បណ្តាញសង្គម និងសារព័ត៌មានថៃនោះឡើយ
កងកម្លាំងរបស់កម្ពុជា
បញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងការអនុវត្ត
នូវកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត
ដោយបន្ត សហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការ
ជាក់ស្តែងសំដៅលើកកម្ពស់ សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ
ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបាន ឆាប់រហ័ស ៕

Post a Comment