ម្ហូបអាហារអត្តសញ្ញាណខ្មែរជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារនៅទីក្រុងកូឡាឡាំពួរ

ក្រុងកូឡាឡាំពួរ៖ ម្ហូបអាហារអត្តសញ្ញាណខ្មែរជាច្រើនមុខ ត្រូវបានដាក់តាំងបង្ហាញក្នុងពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Informa Markets។ ម្ហូបអាហារអត្តសញ្ញាណខ្មែរទាំងនោះរួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដើម្បីតាំងបង្ហាញជូនភ្ញៀវដែលចូលមកទស្សនាស្តង់ពិព័រណ៍របស់ក្រសួងទេសចរណ៍ និងដើម្បីជាការលើកកម្ពស់វិស័យម្ហូបអាហារ និងបង្ហាញពីគោលដៅទេសចរណ៍ទាក់ទាញរបស់កម្ពុជា។

នាឱកាសនោះ ក្រសួងទេសចរណ៍ សហការជាមួយសណ្ឋាគារ ណាហ្គាវើល និងសមាគមចុងភៅកម្ពុជា បាននាំយកម្ហូបអាហារអត្តសញ្ញាណខ្មែររួមមាន ហហ្មុកត្រី នំបញ្ចុក និងគ្រាប់ស្វាយចន្ទី ដើម្បីតាំងបង្ហាញជូនភ្ញៀវដែលចូលមកទស្សនាស្តង់ពិព័រណ៍របស់ក្រសួងទេសចរណ៍ ដើម្បីជាការលើកកម្ពស់វិស័យម្ហូបអាហារ និងបង្ហាញពីគោលដៅទេសចរណ៍ទាក់ទាញរបស់កម្ពុជាផងដែរ។ លើសពីនេះ យុវជនកម្ពុជា ចំនួន ៣រូប ក៏នឹងចូលរួមការប្រកួតជំនាញធ្វើម្ហូប ក្នុងកម្មវិធី Mamee Asian Culinary Cup ដែលមានបេក្ខជនចូលរួមប្រកួតសរុបចំនួន ៣៦រូប មកពី ១២ប្រទេស នៅក្នុងតំបន់អាស៊ី។

តាមរយៈពិព័រណ៍នេះ ក្រសួងទេសចរណ៍នឹងជំរុញផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បានកាន់តែល្អប្រសើរថែមទៀតលើឆាកអន្តរជាតិ ជាពិសេសផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគលើវិស័យម្ហូបអាហារ ព្រមទាំងជំរុញលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ផងដែរ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រតិភូកម្ពុជាដឹកនាំដោយលោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមពិព័រណ៍ Food and Hotel Malaysia 2025 នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Informa Markets។

ពិព័រណ៍កម្រិតអន្តរជាតិនេះ មានការចូលរួមពីតំណាងរដ្ឋាភិបាល និងវិស័យឯកជនជុំវិញពិភពលោកសរុបចំនួន ១,៥០០ស្តង់ ដោយផ្តោតសំខាន់លើការលើកកម្ពស់វិស័យម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ដោយរំពឹងថាមានអ្នកចូលរួមជាអ្នកលក់ និងអ្នកទិញ (Buyers-Sellers) និងអ្នកទស្សនាប្រមាណ ១២,០០០នាក់ ក្នុងរយៈពេល៥ថ្ងៃនេះ៕









Powered by Blogger.