ស្លូវេនីសម្រេចដាក់បម្រាមធ្វើដំណើរលើ លោកBenjamin Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល
ជូបហ្សាណា៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ស្លូវេនីបានប្រកាសដាក់បម្រាមធ្វើដំណើរលើ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu បន្ទាប់ពីឆ្នាំមុន បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការ ហើយកាលពីខែកក្កដា ឆ្នាំនេះ បានដាក់បម្រាមលើរដ្ឋមន្រ្តីស្តាំនិយម២នាក់របស់អ៊ីស្រាអែល។
ប៉ុន្មានខែកន្លងមកនេះ រដ្ឋាភិបាលស្លូវេនី
បានចាត់វិធានការផ្សេងៗប្រឆាំងអ៊ីស្រាអែល រួមមានទាំងការហាមឃាត់នាំចេញ នាំចូល
និងដឹកជញ្ជូនឆ្លងកាត់នៃអាវុធទៅកាន់និងមកពីអ៊ីស្រាអែល
ក៏ដូចជាបម្រាមធ្វើដំណើរលើរដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីសន្តិសុខជាតិលោក Itamar
Ben-Gvir និងរដ្ឋមន្រ្តីហិរញ្ញវត្ថុ លោក Bezalel Smotrich ជុំវិញសេចក្តីថ្លែងការណ៍ ដែលជំរុញអំពើប្រល័យពូជសាសន៍និងហិង្សា
ប្រឆាំងជនជាតិប៉ាឡេស្ទីន។
ក្រសួងការបរទេសស្លូវេនី
បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា «តាមរយៈសកម្មភាពនេះ
ស្លូវេនីគូសបញ្ជាក់ពីការប្តេជ្ញារបស់ខ្លួន ចំពោះច្បាប់អន្តរជាតិ
គុណតម្លៃសកលនៃសិទ្ធិមនុស្ស និងគោលនយោបាយការបរទេស ប្រកបដោយសីលធម៌និងគ្មានការប្រែប្រួល»។ រដ្ឋាភិបាលស្លូវេនី បានលើកហេតុផលថា ចំណាត់ការរបស់ខ្លួនប្រឆាំងលោក Netanyahu
គឺដោយសារតែរូបលោករងការចោទប្រកាន់ពីតុលាការយុត្តិធម៌អន្តរជាតិ
ជុំវិញការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមនៅតំបន់ហ្កាហ្សា។
សូមជម្រាបថា
ស្លូវេនីរួមជាមួយបណ្តាប្រទេសអឺរ៉ុបដទៃទៀត បានអំពាវនាវយ៉ាងទទូចចង់ឱ្យមានបទឈប់បាញ់
នៅហ្កាហ្សា និងបង្កើនការដឹកជញ្ជូនជំនួយចូលទៅដែនដីប៉ាឡេស្ទីនមួយនោះ៕ (ប្រភព៖ Reuters)

Post a Comment