រថក្រោះអ៊ីស្រាអែលរុលចូលកណ្ដាលក្រុងហ្កាហ្សា ខណៈអ្នករបួសរាប់សិបនាក់ជាប់គាំងគ្មានជំនួយ
ហ្កាហ្សា៖ រថក្រោះអ៊ីស្រាអែល នៅថ្ងៃអាទិត្យបានរុលចូលកាន់តែជ្រៅទៅក្នុងតំបន់លំនៅដ្ឋាននៃទីក្រុងហ្កាហ្សា ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើននាក់ជាប់គាំង ខណៈដែលក្រុមសេវាសង្គ្រោះបន្ទាន់បានអះអាងថា អ៊ីស្រាអែលបានបដិសេធសំណើជួយសង្គ្រោះរបស់ពួកគេរាប់សិបករណី។
ក្រុមសាក្សី និងក្រុមគ្រូពេទ្យបាននិយាយថា
រថក្រោះអ៊ីស្រាអែលបានរុលចូលកាន់តែជ្រៅនៅក្នុងសង្កាត់ Sabra,
Tel Al-Hawa, Sheikh Radwan និង Al-Naser ដោយខិតជិតទៅដល់កណ្ដាលក្រុង
និងតំបន់ភាគខាងលិចនៃទីក្រុងហ្កាហ្សា ដែលជាកន្លែងមនុស្សរាប់សែននាក់កំពុងជ្រកកោន។
ការវាយលុកនេះកើតឡើងស្របពេលដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងដំណើរការ
ដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
គ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតាន់យ៉ាហ៊ូ នៅថ្ងៃចន្ទ
បន្ទាប់ពីលោកបានលើកឡើងពីលទ្ធភាពនៃ «កិច្ចព្រមព្រៀងស្តីពីហ្កាហ្សា»។ ទោះជាយ៉ាងនេះក្តី ក្រុមហាម៉ាសបានអះអាងថា
ខ្លួនមិនទាន់ទទួលបានសំណើថ្មីណាមួយនៅឡើយទេ។
ទន្ទឹមគ្នានេះ
ក្រសួងសុខាភិបាលហ្កាហ្សាបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស
៧៧នាក់ត្រូវបានសម្លាប់ ដោយការបាញ់ប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល
២៤ម៉ោងចុងក្រោយនេះ។
សូមជម្រាបថា ប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំរបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា
បានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ
ដោយមណ្ឌលសុខភាពជាច្រើនត្រូវបានបិទទ្វារ
ខណៈប្រជាជនរាប់សែននាក់កំពុងជ្រកកោននៅក្នុងតំបន់ដែលកំពុងរងការវាយប្រហារ៕(ប្រភព៖ Reuters)

Post a Comment