សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដឹកនាំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សមាគមអតីតយុទ្ធជនកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។
សម្ដេចអគ្គមហាសេនាបតីតេជោ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាសប្រាំ ហ៊ុន សែន
ជាស្ថាបនិកដែលបានផ្ដួចផ្ដើមបង្កើតសមាគមអតីតយុទ្ធជនកម្ពុជា
ហើយសម្ដេចក៏ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាពេញមួយជីវិត ដើម្បីជាម្លប់
និងដឹកនាំសមាគមដើម្បីលើកស្ទួយជីវភាព បង្កើតស្មារតីសាមគ្គីភាព ភាតរភាព មនសិការ
ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់តួនាទី និងតម្លៃរបស់អតីតយុទ្ធជនកម្ពុជា
ឱ្យសក្តិសមទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា។
សូមជម្រាបថា សមាគមអតីតយុទ្ធជនកម្ពុជា
ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយសម្ដេចអគ្គមហាសេនាបតីតេជោ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន
និងបានបើកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី១ នៅថ្ងៃទី២១
ខែមិថុនា ឆ្នាំ២០០៧ ជាប្រវត្តិសាស្ត្រមួយដែលពុំធ្លាប់មាននៅកម្ពុជា
ធ្វើឲ្យសាធារណមតិជាតិ អន្តរជាតិ និងអតីតយុទ្ធជនទូទាំងប្រទេសអបអរសាទរ។
ក្រោយមកមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសលើកទី២
បានប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០១៥ នៅរាជធានីភ្នំពេញ
ដើម្បីកែសម្រួលលក្ខន្តិកៈ និងរចនាសម្ព័ន្ធដឹកនាំឲ្យស្របទៅ នឹងសភាពការថ្មី៕

Post a Comment