ភ្ជុំបិណ្ឌ៣ថ្ងៃ ភ្ញៀវទេសចរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីមានជាង ២មុឺននាក់
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃ២១-២៣ ខែ កញ្ញាឆ្នាំ ២០២៥ ដែលជាថ្ងៃភ្ជុំបិណ្ឌ មានភ្ញៀវទេសចរជាតិនិងអន្តរជាតិ បានទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី មានចំនួន ២២ ៩៩២នាក់ កើនឡើង៥១.៦១% ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ២២ ៧៧៥ នាក់កើនឡើងចំនួន ៥៤.៥៤% និងភ្ញៀវអន្តរជាតិមានចំនួន ២១៧នាក់ ថយចុះចំនួន៤៩.២៩%នេះបើយោងតាមរបាយការណ៍ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី។
រយៈពេលបីថ្ងៃក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ភ្ញៀវទេសចរបានដើរកម្សាន្តតាមរមណីយដ្ឋានល្បីៗនៅក្នុងខេត្តមណ្ឌលគិរី មានដូចជារមណីយដ្ឋានទឹកជ្រោះប៊ូស្រា ភ្នំថ្មយក្សណាមលៀរ រមណីយដ្ឋានអូរផ្លាយ សមុទ្រឈើ ភ្នំបាយឆៅ ចម្ការស្រល់ ទំនប់ទឹកអូរទេធិបតី អណ្ដូងស្នេហ៍ និងរមណីយដ្ឋានសំខាន់សំខាន់ជាច្រើនកន្លែងទៀតផងដែរ។
បើទោះបីជាអំឡុងភ្ជុំបិណ្ឌមានភ្លៀងធ្លាក់ក្តី ប៉ុន្តែភ្ញៀវទេសចរ បានធ្វើដំណើរទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរីជាហូរហែ ដើម្បីគយគន់ទេសភាពដ៏ស្រស់ត្រកាល វាលស្មៅខៀវខ្ចី នារដូវកាលបៃតង ។ ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន មានចម្ងាយ ៣៨២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ដែលផ្ទៃដីភាគច្រើនគ្របដណ្តប់ដោយគម្របព្រៃឈើ ប្រជុំដោយភ្នំ និងសម្បូរទៅដោយជ្រោះជ្រងជ្រលងដងអូរ។
សម្រាប់វិស័យអេកូទេសចរណ៍ ខេត្តនេះមានតំបន់រមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិសរុបចំនួន ១០៥ កន្លែង ក្នុងនោះរមណីយដ្ឋានមានសេវាកម្មស្នាក់នៅ និងរមណីយដ្ឋានគ្មានសេវាកម្មស្នាក់នៅចំនួន ៣៨ កន្លែង សេវាកម្មទេសចរណ៍ ក្នុងនោះមាន សណ្ឋាគារ ០៦ កន្លែង ផ្ទះសំណាក់ ៣៦ កន្លែង ម៉ូតែលនិងប៊ូទិក ១០ កន្លែង ភោជនីយដ្ឋាន អាហារដ្ឋាន ៣០ កន្លែង, ខារ៉ាអូខេ ១២ កន្លែង មានក្រុមហ៊ុនវិនិយោគលើវិស័យទេសចរណ៍ ០៣ ក្រុមហ៊ុន (អនុញ្ញាតដោយអាជ្ញាធរខេត្ត)៕











Post a Comment