ទឹកទន្លេស្រែពកហក់ឡើងលើសកម្រិតប្រកាសអាសន្នតំណាងរាស្រ្តមណ្ឌលរតនគិរីអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេមានការប្រុងប្រយ័ត្នខ្ពស់

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម គិត ទ្រី សមាជិកគណៈកម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរដោយ ឯកឧត្តម នាង សំអាត អភិបាលរងខេត្ត តំណាងឯកឧត្តមញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនេះឯកឧត្តម គិត ទ្រីក្នុងនាម តំណាងរាស្រ្តមណ្ឌលរតនគិរីស្នើដល់អាជ្ញាធរស្រុកលំផាត់ត្រូវត្រៀមអោយបានរួចជាស្រេចនូវវិធានការសរុប មធ្យោបាយសរុប ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងករណីមានគ្រោះមហន្តរាយកើតឡើងធ្ងន់ធ្ងរប៉ះពាល់ដល់ជីវភាពរស់នៅនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម តំណាងរាស្រ្ត ក៏បានអំពាវនាវបងប្អូនប្រជាពលរដ្ឋត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់ ដែលកំពុងជន់ឡើងខ្លាំងនេះ និងសូមស្វែងរកទីទួលមានសុវត្ថិភាព ពិសេសប្រុងប្រយ័ត្នចំពោះកុមារតូចៗ និងរក្សាអនាម័យឱ្យបានត្រឹមត្រូវ។ ជាងនេះទៅទៀតអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីសភាពការណ៍គ្រោះធម្មជាតិ ស្ថានភាពរបស់ប្រជាពលរដ្ឋ ត្រៀមមធ្យោបាយអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ទឹកទន្លេស្រែពកឡើងដល់១២.៦០ លើសកម្រិតប្រកាសអាសន្ន ធ្វើមានការលិចលង់ផ្ទះសម្បែង ស្រែ ចំការ ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែមិនទាន់រងការខូចខាត គួរអោយគត់សម្គាល់នោះឡើយ៕









Powered by Blogger.