រដ្ឋមន្ត្រីការពារជាតិចិន អំពាវនាវឱ្យមានការរួបរួមសាមគ្គីជាសកល ដើម្បីប្រឆាំងនឹងច្បាប់ព្រៃ

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា បានអំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួបរួមសាមគ្គីគ្នាជាសកល ជាមួយការព្រមានប្រឆាំងនឹងច្បាប់ព្រៃ ដែលលោកអះអាងថាកំពុងធ្វើឱ្យពិភពលោកបែកបាក់កាន់តែខ្លាំងឡើង។

លោក Dong Jun ធ្វើការកត់សម្គាល់បែបនេះនៅឯពិធីបើកវេទិកាសន្តិសុខ Beijing Xiangshan Forum។ តាមលោកប្រមុខការពារជាតិចិន ពិភពលោកកំពុងរួមរឹតដោយស្រមោលនៃ ផ្នត់គំនិតសង្រ្គាមត្រជាក់ អនុត្តរភាព និងការគាំពារនិយម ដែលការរិះគន់បែបនេះត្រូវបានគេឃើញថាចង់សំដៅលើសហរដ្ឋអាមេរិក។

លោក Dong Jun បានគូសបញ្ជាក់ដូច្នេះថា «ការលូកលាន់យោធាពីខាងក្រៅ ការស្វែងរកឥទ្ធិពល និងការសម្លុតគំរាមអ្នកដទៃឱ្យឈរនៅខាងភាគីណាមួយនឹងកាន់តែធ្វើឱ្យសហគមន៍អន្តរជាតិធ្លាក់ចូលក្នុងភាពចលាចល។ លោកបន្តថា «ការងប់ងុលនឹងឧត្តមភាពយោធាខ្លាំងដាច់គេ និងការជឿថាអំណាចជាវិធីសាស្ត្រត្រឹមត្រូវ នឹងធ្វើឱ្យពិភពលោកកាន់តែបែកបាក់ដោយសារតែច្បាប់ព្រៃ និងអសណ្ដាប់ធ្នាប់»

សូមជម្រាបថា អ្នកតំណាងប្រហែលជា ១៨០០នាក់ មកពីជាង១០០ប្រទេស ក្នុងនោះរួមមានក្រុមមន្ត្រីស៊ីវិល យោធា និងបញ្ញាវន្តបានចូលរួមវេទិការសន្តិសុខ Beijing Xiangshan Forum ប្រចាំឆ្នាំ មានរយៈពេល៣ថ្ងៃ៕(ប្រភព៖ Reuters)

 


Powered by Blogger.